(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានលោក ផាម ប៊ិញមិញ និងលោកស្រី កាង ក្យុងវ៉ា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ។

រដ្ឋមន្រ្តី ក៏នឹងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើន ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ។ រដ្ឋមន្រ្តី ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល
មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស៖