(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះភោជនីយដ្ឋាន អិលប្រាំបី ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចពន្លត់បានដោយជោគជ័យ មិនបង្កឲ្យមានការរីករាលដាលនៅកន្លែងផ្សេងក្បែរនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ទីតាំងខាងលើមានម្ចាស់ឈ្មោះ Lim Kian Wei Desmond អាយុ៣៥ឆ្នាំ ជនជាតិសឹង្ហបូរី។ មូលហេតុ ដែលនាំឲ្យមានករណីអគ្គិភ័យ គឺបណ្ដាលមកពីជាងផ្សាដែកនៅលើដំបូល ធ្លាក់កម្ទេចផ្កាមកខាងក្រោម។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ត ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ចំនួន៣៨គ្រឿង ប្រើទឹកអស់៥៩ឡាន។
ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ប្រើទឹកអស់ចំនួន៤២ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន៤គ្រឿង ប្រើទឹកអស់ចំនួន៤ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ៣គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។
នាយការិយាល័យរូបនេះ បានអះអាងទៀតថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែបំផ្លាញទ្រព្យសម្បត្តិនៅក្នុងភោជនីយដ្ឋានតែប៉ុណ្ណោះ៕