(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។
លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះធា «បណ្ណបើកបរអន្តរជាតិនេះ អាចចាប់ផ្តើមធ្វើពីពេលនេះតទៅ ហើយអាចប្រើប្រាស់បានគ្រប់ប្រទេសលើពិភពលោក»។
លោក ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយ្តមួយទៀតនៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បណ្ណបើកបរអន្តរជាតិនេះ អាចយកទៅប្រើប្រាស់នៅប្រទេសលើពិភពលោកចំនួន ៩៩ប្រទេស។
សម្រាប់ការស្នើសុំបណ្ណបើកបរអន្តរជាតិនេះទៀតសោត មិនលំបាកនោះទេ។ អ្នកបើកបរដែលចង់បានបើកបរអន្តរជាតិនេះ អាចយកបណ្ណបើកបរខ្លួនប្រើប្រាស់បច្ចុប្បន្នទៅស្នើសុំតាមមណ្ឌលផ្តល់សេវាធ្វើបណ្ណបើកបរជាការស្រេច។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុន ចាន់ថុល។
លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា បណ្ណបើកបរអន្តរជាតិនេះ ត្រូវចំណាយថ្លៃសេវាប្រមាណ ២៥ម៉ឺនរៀល ហើយមានសុពលភាពរយៈពេលមួយឆ្នាំ៕