(ភ្នំពេញ)៖ ប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តស្នើសុំផ្ទេរកម្មសិទ្ធិតាមប្រព័ន្ធអនឡាញ ត្រូវបានប្រកាសដាក់ឱ្យដំណើរហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ការផ្ទេរកម្មសិទ្ធិរថយន្តត្រូវបានគេមើលថាមានបញ្ហាស្មុគស្មាញច្រើនព្រោះតែនីតិវិធីការនៃការផ្ទេរ។ ការលំបាកនេះ បាននាំឱ្យការទិញលក់រថយន្តមួយចំនួនមិនមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់រថយន្តចាស់ ទៅម្ចាស់រថយន្តទិញបន្តនោះឡើយ។ ការទិញលក់រថយន្តដោយមិនផ្ទេរកម្មសិទ្ធិនេះ ក៏បានបង្កទៅជាបញ្ហាស្មុគស្មាញច្រើនផងដែរ ពេលដែលរថយន្តនោះមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរិះរកវិធីដើម្បីសម្រួលនូវបញ្ហាទាំងអស់។ ទីបំផុតការសិក្សាពីការផ្តល់សេវាដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបង្កើតឡើង ដោយបង្កលក្ខខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋជាម្ចាស់រថយន្តអាចចូលទៅក្នុងប្រព័ន្ធតាមអនឡាញ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិរថយន្ត។ ប្រព័ន្ធថ្មីដោយមានជំនួយពីបច្ចេកវិទ្យានេះ គឺមានការភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យអ្នកផ្ទេរកម្មសិទ្ធិយានយន្តមិនលំបាកធ្វើដំណើរទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធប្រថាប់ត្រាដូចមុនទៀតនោះឡើយ។

ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិរថយន្តនេះ នឹងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ ព្រមទាំងរួមចំណែកក្នុងការប្រមូលប្រាក់ពន្ធអាករ ធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងទប់ស្កាត់ការក្លែងបន្លំផ្សេងៗឱ្យមានប្រសិទ្ធិភាព។

ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយបន្ថែមទៀតនេះ អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណ ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីផ្តល់សេវាឱ្យបានទាន់ពេលវេលា កាត់បន្ថយ ការចំណាយផ្លូវការផ្សេងៗ ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបានកំណត់តម្លៃរួចជាស្រេច គ្រាន់តែបង់តាមតម្លៃនោះថវិកានឹងចូលទៅក្នុងថវិកាជាតិ មិនចូលទៅណាផ្សេងនោះទេ។ ការយកសេវាឱ្យមកកាន់តែគៀកប្រជាពលរដ្ឋនេះ ជាការផ្តល់សេវាឱ្យបានល្អ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ។

ដើម្បីជ្រាបច្បាស់ពីនីតិវិធីនៃការស្នើសុំផ្ទេរកម្មសិទ្ធិរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្តនេះ សូមទស្សនាវីដេអូបង្ហាញដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖