(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយនាពេលថ្មីៗនេះ លើបណ្ដាញសង្គម របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍ទាំងមូលរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការបំភិតបំភ័យនិងការសងសឹកចំពោះបុគ្គលដែលសហការ ជាមួយអ.ស.ប និងយន្តការសិទ្ធិមនុស្សរបស់អ.ស.ប។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា «របាយការណ៍របស់អគ្គលេខាធិការអ.ស.ប បានផ្អែកយ៉ាងខ្លាំងទៅលើការអធិប្បាយរបស់អ្នករាយការណ៍ពិសេស ដែលផ្តោតលើភាគីតែម្ខាង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែពិនិត្យ ដោយយកចិត្តទុកដាក់បំផុតចំពោះរាល់ការចោទប្រកាន់នានា។ កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ចូនជូនអគ្គលេខាធិការ អ.ស.ប នូវការបកស្រាយបំភ្លឺទាន់ពេលវេលា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធ១ (កថាខណ្ឌ១៩ ទំព័រ២៣) នៃរបាយការណ៍របស់អគ្គលេខាធិការ អ.ស.ប។ ក្នុងន័យនេះ គេត្រូវចោទសួរភាពស្មោះត្រង់ និងហេតុផលរបស់ការិយាល័យនេះ ដែលល្បិចយកតែមួយផ្នែកនៃរបាយការណ៍ ហើយពុំបង្ហាញនូវផ្នែកពាក់ព័ន្ធនឹងការឆ្លើយតបរបស់រាជរដ្ឋាភិបាល។ ទង្វើបែបនេះនឹងធ្វើឱ្យចុះខ្សោយនូវសុចរិតភាព ឯករាជ្យភាព និងភាពទុកចិត្តបានរបស់ស្ថាប័ន អ.ស.ប មួយនេះ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានអះអាងបន្ថែមថា ការចោទប្រកាន់ថា បុគ្គលដែលបានសហការជាមួយយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប ត្រូវបានបំភិតបំភ័យ ឬសងសឹក គឺជាការបំផ្លើសទាំងស្រុង។ តំណាងជាច្រើនរបស់អង្គការសង្គមស៊ីវិលកម្ពុជា បានចូលរួមកិច្ចប្រជុំនានាដោយផ្ទាល់ នៅទីក្រុងហ្សឺណែវ របស់គណៈកម្មការទទួលបន្ទុកតាមសិទ្ធិសញ្ញា របស់អ.ស.ប។ អង្គការជាច្រើនផ្សេងទៀតក៏បានចូលរួមបញ្ជូនបញ្ជីបញ្ហារបស់ពួកគេទៅយន្តការសិទ្ធិមនុស្សនេះ ដើម្បីពិនិត្យពិចារណា។ យ៉ាងណាមិញ ពួកគេនៅបន្តអនុវត្តសកម្មភាពរបស់ពួកគេតាមច្បាប់ ដោយគ្មានការយាយី ឬការសងសឹកអ្វីឡើយ។
«ដូចប្រទេសដទៃទៀតដែរ វត្តមានរបស់មន្ត្រីនគរបាលនៅក្បែរទីកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗមិនគួរ ត្រូវបានបកស្រាយថាជា ការគំរាមកំហែង ការបំភិតបំភ័យ ឬការរំខានឡើយ។ ពួកគេគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបង្ការភាពចលាចល ឬអសន្តិសុខនានា ដែលអាចកើតឡើងជាយថាហេតុ។ ពួកគាត់ត្រូវបានណែនាំយ៉ាងច្បាស់ឱ្យប្រកាន់ខ្ជាប់យ៉ាងហ្មត់ចត់ ទៅតាមខ្លឹមសារនៃសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃស្ដីពីការធ្វើសកម្មភាពស្របច្បាប់របស់អង្គការសង្គមស៊ីវិល»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ បានបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងការជួបសម្ភាសន៍សម្ងាត់ជាមួយជនជាប់ឃុំក្នុងពន្ធនាគារ ច្បាប់ស្ដីពីពន្ធនាគាររបស់ប្រទេសកម្ពុជា អនុញ្ញាតឱ្យមេធាវីការពារក្ដី និងយន្តការបង្ការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ទារុណកម្ម អាចធ្វើការសម្ភាសន៍ជាសម្ងាត់បាន។ អនុគណៈកម្មាធិការទទួលបន្ទុកបង្ការប្រឆាំងនឹងទារុណកម្មរបស់ អ.ស.ប ក៏ត្រូវបានអនុញ្ញាតដូចគ្នានេះដែរ។ ប៉ុន្តែអ្នករាយការណ៍ពិសេស មិនស្ថិតនៅក្នុងប្រភេទណាមួយខាង លើនោះឡើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈយន្តការជាតិ និងថ្នាក់ក្រោមជាតិ ដែលមានស្រាប់ រួមទាំង វេទិកាភាពជាដៃគូ ដែលបានរៀបចំជាទៀងទាត់៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ៖