(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) បានបង្ហាញពីអារម្មណ៍របស់លោក ដោយលោកបញ្ជាក់ថា លោកស្អប់យុទ្ធសាស្រ្តជេរវៀតណាម របស់អតីតក្រុមប្រឆាំងនៅកម្ពុជា ដើម្បីកេងចំណេញនយោបាយ និងប្រជាប្រិយភាព។
តាមសំឡេងសុន្ទនាជាង២ម៉ោងរបស់ លោក ជុន ច័ន្ទបុត្រ ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ លោក ជុន ច័ន្ទបុត្រ បានថ្លែងខឹងសម្បារនឹងក្រុមប្រឆាំងដែលយករឿងយួន ធ្វើជារបៀបវារៈនយោបាយ ដើម្បីក្លាយជាវីរបុរស ហើយលោកក៏មិនពេញចិត្តចំពោះបុគ្គលិកអាស៊ីសេរី ដែលយករឿង«យួន»នេះមកចុះផ្សាយផងដែរ។
លោក ជុន ច័ន្ទបុត្រ បានលើកឡើងយ៉ាងដូច្នេះថា៖ «ឧទាហរណ៍ដូចជារឿងជេរយួនអញ្ចឹង នៅអាស៊ីសេរីបើក្មួយស៊ើបវាឱ្យដឹងណា ពូក៏ស្អប់សម្បើមណាស់ដែរណាពីរឿងខាងជេរយួននេះ ខ្ញុំថាកុំអាងតែឯងបានជេរយួនៗហ្នឹង ឱ្យក្លាយជាវីរបុរស ស្រលាញ់ប្រទេសជាតិ ស្នេហាជាតិនោះ វាទៅអត់រួច សូម្បីតែរឿងបោះឆ្នោតក៏ពូតែងតែប្រាប់ថា អត់មានយករឿងយួនៗរឿងអីទេ មកឮយួនពេញណាពេញណី ដូច្នេះពូនិយាយអ្វីសុទ្ធតែជាការពិតទាំងអស់។ ប៉ុន្តែ Of course ពូគ្រាន់តែជាមនុស្សម្នាក់នៅក្នុងអាស៊ីសេរីនោះទេ មិនមែនចេះតែអួតអាងស្រេចចិត្តនោះទេៗ»។
តាមរយៈសំឡេងសន្ទនានេះ លោក ជុន ច័ន្ទបុត្រ បានប្រាប់លោក ហ៊ុន ម៉ាណែត ឱ្យដឹងដែរថា លោក និងវិទ្យុអាស៊ីសេរី មានអារម្មណ៍ធុញទ្រាន់ស្ទើរតែស្លាប់ ចំពោះអតីតគណបក្សសង្គ្រោះជាតិ ដែលគ្មានលទ្ធភាពអ្វីក្រៅតែពីពឹងពាក្យវិទ្យុអាស៊ីសេរី ឱ្យផ្សព្វផ្សាយឱ្យខ្លួននោះឡើយ។
លោកបញ្ជាក់បែបនេះថា៖ «នៅអាស៊ីសេរីយើងខ្មែរដូចគ្នា គឺស្រលាញ់ជាតិដូចគ្នា គ្មាន Agenda មួយណាមកប្រឆាំងទេ ប្រាកដហើយ CNRP ប្រើអាស៊ីសេរីបានច្រើនជាង ខិតចូលជិតជាង គេពូកែជាង នៅពេលហ្នឹងយើងក៏អស់ជម្រើសដែរ យើងក៏ធុញសឹងងាប់ហើយហ្នឹង»។
សំឡេងសន្ទនាដ៏សម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានទម្លាយជាបន្តបន្ទាប់ ដើម្បីលាតត្រដាងការពិត បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានបំភ្លៃការពិតតាមរយៈការសរសេរនៅលើ Blog របស់លោក វាយប្រហារមកលើ លោក ហ៊ុន ម៉ាណែត ដោយសារតែមានការខឹងសម្បារមិនបានអន្តរាគមន៍ជួយលោកនៅពេលតុលាការចោទប្រកាន់។
លោក ជុន ច័ន្ទបុត្រ បានចូលមកប្រទេសកម្ពុជា ជាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។ ទោះជាយ៉ាងនេះក្តី លោកទំនងជាត្រូវបានមេរបស់ខ្លួនចាត់តាំងឱ្យបន្លំលួចចូលពន្ធនាគារ តាមរយៈអតីតសមាជិកគណបក្សប្រឆាំងមួយចំនួន ដើម្បីស៊ើបការណ៍នៅទីនោះ ដែលករណីនេះហើយ បានក្លាយជាកំហុសព្រហ្មទណ្ឌ ធ្វើឱ្យលោកត្រូវបានតុលាការចោទប្រកាន់ រហូតដល់រត់ភៀសខ្លួនជាបន្ទាន់ពីប្រទេសកម្ពុជា។
មុនពេលចេញពីកម្ពុជា លោក ជុន ច័ន្ទបុត្រ ធ្លាប់ឆាតទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំជួយអន្តរាគមន៍មិនឱ្យតុលាការចោទប្រកាន់លោក ឬអនុវត្តនីតិវិធីផ្សេងៗ ប៉ុន្តែសម្រាប់លោក ហ៊ុន ម៉ាណែត ករណីនេះលោកជំរុញឱ្យ លោក ជុន ច័ន្ទបុត្រ កុំមានការភ័យខ្លាច ហើយចូលរួមអនុវត្តតាមនីតិវិធីតុលាការផងដែរ។ នេះបើតាម លោក រដ្ឋា វិសាល ដែលជាសាក្សីសំខាន់ក្នុងជំនួបសម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និង លោក ហ៊ុន ម៉ាណែត៕