(មណ្ឌលគិរី)៖ មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី ស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួននៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដោយដកហូតបានថ្នាំញៀន២០កញ្ចប់ អាវុធខ្លីមួយដើម ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងផ្នែកជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
លោកអធិការបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងឆែកឆេរក្នុងម៉ូតូ បន្ទប់ជួល លើជនសង្ស័យចំនួន០២នាក់ ទី១៖ឈ្មោះ ដា រី ហៅម៉ាប់ អាយុ៣២ឆ្នាំ និងទី២៖ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ព្រមទាំងរកឃើញ និងដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២២កញ្ចប់, អាវុធខ្លីមួយដើម (ប្រើហ្គាសបាញ់គ្រាប់កង់), ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូចំនួន២គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារ និងមធ្យោបយទាំងអស់ ត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕