(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ៧៣គ្រួសារ នៅក្នុងសហគមន៍វាលស្បូវ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា ក៏បាននូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា។
ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ជាពិសេសក្នុងអំឡុងពេល នៃជំងឺកូវីដ-១៩ នេះជាដើម ដែលសម្តេចទាំងទ្វេបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ លោកអភិបាលខណ្ឌបានគូសបញ្ជាក់ថា បើទោះបីបច្ចប្បន្ននេះ ក្នុងប្រទេសកម្ពុជាមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ នៅតាមសហគមន៍ក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួន ជាពិសេសត្រូវអនុវត្តឲ្យបានល្អតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដូចជាលាងដៃជាមួយសាប៊ូ ឬទឹកអាកុល និងត្រូវពាក់ម៉ាសជាដើម។
ជាមួយគ្នានោះ លោក ចេង មុនីរ៉ា ក៏បានដោះស្រាយចម្ងល់ផ្សេងៗ របស់ប្រជាពលរដ្ឋ និងទទួលយកសំណើ ដើម្បីដោះស្រាយជូនជាបន្ត ដោយមិនទុកឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វាលស្បូវនេះ ជួបការលំបាកឡើយ។
បើតាមលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាល បានបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកមកផ្តល់ជូនប្រជាពលរដ្ឋសហគមន៍វាលស្បូវ នាពេលនេះមាន៖ អង្ករ មី ឆៃប៉ូវ ទឹកត្រី ទឹកស៉ីអ៉ីវ សៀង និងឃីត១កញ្ចប់៕