(កំពត)៖ សិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ការផ្ដល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថាន» ជូនមន្ត្រីរាជការមកពីខេត្តចំនួន៤ ភាគនិរតីនៃប្រទេសកម្ពុជា រួមមាន តាកែវ កំពត កែប និងព្រះសីហនុ រយៈពេល៣ថ្ងៃពីថ្ងៃទី២៨ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០២០ បានបិទបញ្ចប់ជាមួយការវាយតម្លៃខ្ពស់ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអភិបាលខេត្តកំពតលោក ជាវ តាយ។
ពិធីបិទសិក្ខាសាលាដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ លោក ភាវ សុវទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព និងជាតំណាងក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីនោះថា សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យដែលមានសិក្ខាកាមចូលរួមជាមន្ត្រីអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធមកពីខេត្តទាំង៤ ខាងលើ។
លោកបន្ថែមថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធបច្ចេកទេស និងលើកទឹកចិត្តអ្នកអនុវត្តន៍មុខងារវិស័យបរិស្ថាន ឱ្យបានទូលំទូលាយ និងសិក្សាស្វែងរកបញ្ហាប្រឈមដំណោះស្រាយ និងសំណូមពរក្នុងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្រុង ស្រុក។
លោក ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃសិក្ខាសាលា។ លោកអភិបាលលើកឡើងថា សិក្ខាសាលាមានសារសំខាន់ ក្នុងការអនុវត្តមុខងារសម្រាប់មន្ត្រីដែលបានផ្ទេរពីក្រសួងបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលការងារ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុង ស្រុក និងគាំពារសុខមាលភាពសាធារណៈ និងការរស់នៅដោយចីរភាព ស្របទៅនឹងគោលបំណង ជាចម្បងនៃស្មារតីអនុក្រឹត្យពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្ដុះបណ្ដាលនៃសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ ពិតជានឹងបានយល់ច្បាស់ អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារ និងភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនាមជាមន្ត្រីសាធារណៈមានកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលដើម្បីកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោក ជាវ តាយ បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកន្លងមក បានចូលរួមសហការ និងផ្តល់ព័ត៌មាននានាដែលពាក់ព័ន្ធ និងការអនុវត្តមុខងារនៅមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការសម្របសម្រួលដល់ការអនុវត្តមុខងារទាំងនេះឱ្យបានកាន់តែមានប្រសិទ្ធភាព និងបានខិតខំដោះស្រាយបញ្ហាប្រឈមជាបន្ទាន់នានា ទាក់ទិននឹងការគ្រប់គ្រងសំរាម នៅក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលរបស់ខ្លួន៕