(កំពង់ធំ)៖ ពលរដ្ឋខ្វះខាត និងស្ត្រីមេម៉ាយ៦គ្រួសារ នៅខេត្តកំពង់ធំទទួលបានអំណោយជាផ្ទះឈើចំនួន៦ខ្នង ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាជន។
អំណោយជាផ្ទះឈើចំនួន៦ខ្នង ត្រូវបានប្រគលជូនតាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដល់បលរដ្ឋខ្វះខាត និងស្ត្រីមេម៉ាយ៦គ្រួសាររស់ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឲ្យដឹងថា «ទោះយើងជួបវិបត្តិនៃការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក៏បញ្ហាជីវភាព និងការរស់នៅរបស់ជនងាយរងគ្រោះ ពិសេសប្រជាជនខ្វះខាត និងស្ត្រីមេម៉ាយនៅតែជាបញ្ហាអាទិភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត»។
សូមបញ្ជាក់ថា ផ្ទះឈើដែលប្រគល់ជូនប្រជាជនខ្វះខាត និងស្ត្រីមេម៉ាយទាំង៦គ្រួសានេះសាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លាអាមេរិក។ ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកស្រីខៀវ ស៊ីណា បានបញ្ជាក់ថា គ្រប់កាលៈទេសៈ ពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសនៅក្នុងស្ថានភាព នៃការរីករាលដាលនៃវីរុសកូវីដ១៩នេះ សម្ដចតេជោ ហ៊ុន សែន ក៏ដូចសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រឹតតែយកចិត្តទុកដាក់ជួយទ្វេដងដល់សុខទុក្ខ និងដោះស្រាយបន្ទាន់ ចំពោះការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែង ដូចនៅពេលនេះ ជាសក្ខីភាពស្រាប់ដែលបង្ហាញ ឲ្យឃើញកាន់តែយ៉ាងច្បាស់ថា គ្រប់ពេលវេលាសម្ដេចទាំង២ តែងតែរស់នៅជាមួយនឹងសុខទុក្ខ របស់ជាពលរដ្ឋកម្ពុជាគ្រប់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកស្រីខៀវ ស៊ីណា ក៏បានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាព គឺត្រូវរស់នៅឲ្យមានអនាម័យល្អ ពិសេសត្រូវចេះរៀនរស់នៅក្នុងអន្តរកាល នៃការរីករាលដាលជំងឺកូវីដ១៩ឲ្យបានត្រឹមត្រូវ។
សម្រាប់ជាចំណងដៃនៃការឡើងផ្ទះថ្មីនេះ លោកស្រី ខៀវ ស៊ីណា ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងបានប្រគល់ជូនថវិកាមួយគ្រួសារៗ៤០ម៉ឺនរៀល ក្នុងនោះ ថវិកា២០ម៉ឺនរៀល ជារបស់លោកស្រីអភិបាលខេត្តកំពង់ធំ។
លោកស្រី ខៀវ ស៊ីណា ក៏បានឆ្លៀតនាំយកសៀវភៅ «កម្រងមេកាព្យខ្មែរ» ដែលជាការរួមចំណែកជួយឧបត្ថម្ភ ក្នុងការបោះពុម្ភដោយលោក ជា ចាន់តូ និងលោកស្រីផ្ទាល់ទៅប្រគល់ដល់វិទ្យាល័យ ហ៊ុនសែន ស្គន់ វិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យហ៊ុនសែនភ្នំសន្ទុក ដោយក្នុង១វិទ្យាល័យទទួលបាន១០ក្បាល និងបាននាំយកទៅប្រគេនព្រះតេជេគុណ សៀង សុខ ព្រះមេគណខេត្តកំពង់ធំផងដែរ៕