(ភ្នំពេញ)៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ឲ្យចូលចរចាទៅក្នុងទីផ្សារថ្មីមួយឈ្មោះថា «សម្ព័ន្ធសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប (Eurasian Economic Union)» ដើម្បីឲ្យកម្ពុជាមានលទ្ធផលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទៅក្រៅប្រទេស តាមរយៈការធ្វើពាណិជ្ជកម្ម ជាមួយសម្ព័ន្ធមួយនេះយ៉ាងងាយស្រួល។ នេះបើតាម លោក ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ។
ជំហររបស់រុស្ស៉ីដែលជាតួអង្គចម្បងមួយក្នុងសម្ព័ន្ធសេដ្ឋកិច្ចអាស៉ី-អឺរ៉ុប ប្រកាសគាំទ្រកម្ពុជាបែបនេះ បានធ្វើឡើងតាមរយៈលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
លោក ណី សំអុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «(ជំនួបនេះ) មានចំណុចសំខាន់មួយដែរ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគ និងការពង្រីកទីផ្សារ និងការចូលទៅទីផ្សារថ្មី។ រុស្ស៉ីតាមរយៈឯកឧត្តមទូត បានបង្ហាញជំហរច្បាស់លាស់ថា រុស្ស៉ីគាំទ្រឲ្យកម្ពុជាចូលចរចា ក្នុងសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៉ី ដែលក្នុងហ្នឹងរុស្ស៉ីជាតួអង្គចម្បង ហើយរុស្ស៉ីគាំទ្រកម្ពុជាដើម្បីឲ្យបានចូលក្នុងហ្នឹង ដែលគេហៅថា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយរុស្ស៉ីបានសន្យាជួយគាំទ្រយើង»។
អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងបន្តថា ក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា និងលោកឯកអគ្គរដ្ឋទូតរុស្ស៉ីនោះ ភាគីកម្ពុជាបានថ្លែងអំណរគុណ ដល់រុស្ស៉ីចំពោះជំហរប្រកាសគាំទ្រកម្ពុជាមួយនេះ។ ជាមួយគ្នានេះ ភាគីរុស្ស៉ីតាមរយៈលោកឯកអគ្គរដ្ឋទូត ក៏បានអរគុណកម្ពុជាវិញផងដែរ ដែលកម្ពុជាតែងតែគាំទ្រខ្លួនគ្រប់កាលៈទេសៈ ទាំងលើឆាកតំបន់ និងអន្តរជាតិ។
បើតាមលោក ណី សំអុល, មុននឹងចាប់ផ្តើមការសន្ទនា ភាគីកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន ថែមទាំងបានសម្តែងការអបអរសាទរចំពោះលោក Borovik ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា ហើយលោកចាត់ទុកថា ទូតថ្មីរូបនេះនឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែបានប្រសើរថែមមួយកម្រិតទៀត។ ប្រមុខការទូត អះអាងថា ក្រសួងការបរទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលការងាររបស់លោកឯកអគ្គរដ្ឋទូត ដើម្បីឲ្យលោកបំពេញបេសកកម្ម ទទួលបានភាពជោគជ័យ៕
លោក ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស