(កំពង់ស្ពឺ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំឮកដល់អាជ្ញាធរខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់ បង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ រលកទី២ ក្នុងមូលដ្ឋាន ហើយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាល។
ការក្រើនរំឮកបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនាឱកាសដែលលោកស្រី រួមនឹងលោកស្រី វេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងជំនួបពិភាក្សានេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាល បានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរ។
ក្រៅអំពីបញ្ហាជំងឺកូវី១៩នេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងអំពីវិស័យសុខាភិបាលផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងវិធានការការពារទប់ស្កាត់ជំងឺគ្រុនចាញ់ជាដើម ដែលតម្រូវឱ្យមន្ទីរសុខាភិបាល និងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ។
លោក វ៉ី សំណាង បានថ្លែងនូវការអរគុណចំពោះប្រតិភូក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្ម នៅខេត្តកំពង់ស្ពឺ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាជួបប្រទះសព្វថ្ងៃ ។
ជាមួយគ្នានេះលោល វ៉ី សំណាង ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះតំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមទីតាំងទីតាំង៤កន្លែង សម្រាប់ធ្វើចត្តាឡីស័ករួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ, វិទ្យាល័យកំពង់ស្ពឺ, វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ សម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកូ វីដ-១៩៕