(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសឹង្ហបូរី តាមប្រព័ន្ធវីដេអូពីចម្ងាយ ពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់នាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ក្នុងគោលបំណង ពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លើកឡើងក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃនិងសេវាកម្ម ជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខ។ តាមផែនការក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំ និងចង្អុលបង្ហាញបន្ថែមមុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំដែលបានផ្ដល់ធាតុចូល ដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យ ក្រុមការងារ ចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូន ស្របតាមកាលវិភាគ ដែលបានគ្រោងទុក។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលភស្តុភារកម្ម គឺជាកន្លែងស្តុកទុកទំនិញ ដែលទុកសម្រាប់ការចែកចាយទំនិញនៅក្នុងប្រទេស និងបន្តចែកចាយទៅក្រៅប្រទេសផ្សេងៗ និងជាកន្លែងទុកសម្រាប់ប្រមូលផ្តុំការស្តុកទុកទំនិញពីប្រទេសក្រៅ ដើម្បីបង្កើតភាពងាយស្រួលក្នុងការចែកចាយទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ៕