(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ប្រកាសពីតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ធ្វើប្លង់រឹង) នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជូនប្រជាពលរដ្ឋបានកាន់កាប់ និងប្រប្រាស់ដីទាំងដីលំនៅដ្ឋាន និងដីកសិកម្មត្រឹមត្រូវស្របច្បាប់ កាត់បន្ថយរាល់ទំនាស់ដែលកើតឡើងពីបញ្ហាដីធ្លី ហើយប្រកាសឲ្យប្រជាពលរដ្ឋត្រៀមឯកសារដែលពាក់ព័ន្ធ។
ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ប៊ឹន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។
របាយការណ៍បានឲ្យដឹងថា ក្នុងសង្កាត់ភ្លើងឆេះរទេះ មានក្បាលដីសរុបប្រមាណ៤,៥០០ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន៤,៤០០ក្បាលដី, ដីកសិកម្មចំនួន១០០ក្បាលដី។ ចំណែកដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ចំនួន៥៣ក្បាលដី ខណៈការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចំនួន១,៥០០គ្រួសារ និងប្រជាពលរដ្ឋនៅក្រៅមូលដ្ឋាន ចំនួន៣,៥០០គ្រួសារ។
លោក ប៊ឹន សូឈី បានថ្លែងពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់អំពីនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឬភាសាសាមញ្ញ ហៅថាកាធ្វើប្លង់រឹង ឲ្យត្រៀមលក្ខណៈ ត្រៀមឯកសារពាក់ព័ន្ធផ្សេងៗ ឲ្យបានគ្រប់គ្រាន់ដូចជា សាលក្រមតុលាការ បណ្ដាំមរតក អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត ប័ណ្ណចាស់ បង្កាន់កសិកម្ម និងប័ណ្ណដែលក្រុមការងារចែកជូនជាដើម ដើម្បីបង្ហាញជូនក្រុមការងារដែលចុះវាស់វែងធ្វើប្លង់ជូន។
មួយវិញទៀត ទាក់ទងនឹងដីមានប័ណ្ណ ហើយប៉ុន្តែអត់មានប្រវត្តិទេ គឺទាមទារឲ្យមានការបញ្ជាក់ប្រវត្តិដីពីចៅសង្កាត់ថា ដីបានមកពីណាហើយប្រជាពលរដ្ឋ ត្រូវដាំបង្គោលរឹងមាំនៅព្រំដីរបស់ខ្លួន ដោយមានលោកមេភូមិ និងចាស់ព្រឹទ្ធាចារ្យដើម្បីកំណត់ព្រំ និងមានការឯកភាពពីម្ចាស់ដី ដែលមានព្រំជាប់គ្នា ប្រសិនបើដីនោះមានទំនាស់ដោះស្រាយគ្នាមិនទាន់ចប់ គឺក្រុមការងារមិនអាចវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនបានឡើយ។
លោកក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មាន៥ដំណាក់កាល គឺដំណាក់កាលទី១៖ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២៖ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣៖ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤៖ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥៖ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។
ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានគូសបញ្ជាក់ថា ខណ្ឌកំបូល មានចំនួន៧សង្កាត់ ក្នុងនោះសង្កាត់ចំនួន៥ហើយ ដែលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ដោយឡែកនៅក្នុងសង្កាត់ភ្លើងឆេះរទេះ គឺមានបញ្ហាដីធ្លីច្រើន ដោយសារតែមិនទាន់បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
លោកបន្ថែមថា កន្លងទៅសាលាខណ្ឌ បានធ្វើការដោះស្រាយច្រើន គឺទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ដែលភាគច្រើនមានការកាន់កាប់ជាន់គ្នា ហើយខ្លះបាត់ឯកសារ បាត់បង្កាន់ដៃ ប៉ុន្ដែបានស្នើសុំទៅកាន់សាលាខណ្ឌ ដើម្បីធ្វើប័ណ្ណថ្មី ហើយសាលាខណ្ឌក៏បានធ្វើតាមនីតិវិធីជូនជាបន្តបន្ទាប់ផងដែរ៕