(ស្វាយរៀង)៖ អំពូលភ្លើងថ្មី សម្រាប់បំភ្លឺផ្លូវជាង៥០០ អំពូល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង បានយកមកបំពាក់នៅតាមផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុងស្វាយរៀង ដើម្បីសោភ័ណភាពទីក្រុង។
ការដាក់អំពូលភ្លើងថ្មីនេះ គឺជំនួសអំពូលភ្លើងចាស់ៗមួយចំនួន ដែលដាច់ដោយកន្លែង ក្រោយប្រើប្រាស់យូរឆ្នាំ ជាពិសេសអំពូលភ្លើងថ្មីជាង៥០០អំពូលនេះ ក៏មានរៀបចំដាក់នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំ ផងដែរ។
មន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅក្នុងក្រុងស្វាយរៀងនេះ ដោយមានការយកចិត្តទុកដាក់ពពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្ត ហើយអំពូលភ្លើង និងសម្ភារ ត្រូវអង្គភាពអគ្គិសនីស្វាយរៀង ជាអ្នករៀបចំតម្លើង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ឃើញថាបានតភ្ជាប់បំភ្លឺនៅតាមបណ្តោយផ្លូវជាតិ១ និងតាមបណ្តាផ្លូវមួយចំនួនទៀត ក្នុងក្រុង និងបន្តធ្វើជាជំហាននៅថ្ងៃបន្តបន្ទាប់ទៀត រហូតភ្លឺគ្រប់បង្គោលនៅក្នុងទីរួមខេត្ត ដើម្បីជាសោភ័ណភាពក្រុងស្វាយរៀង។
មន្ត្រីដដែល បានបន្តថា ដើម្បីឱ្យសោភ័ណភាពក្រុងស្វាយរៀង ក៏ដូចជាតាមបណ្តាក្រុងស្រុកដទៃទៀត មានភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលរាត្រីលោកអភិបាលខេត្តតែងតែខិតខំរិះរកគ្រប់មធ្យោបាយនានាន ដើម្បីធ្វើយ៉ាងណាឱ្យមានភ្លើងបំភ្លឺផ្លូវជាបន្តបន្ទាប់ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត៕