(ភ្នំពេញ)៖ កន្លងមកពលរដ្ឋខ្មែរធ្លាប់តែស្ញប់ស្ញែងចំពោះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលមានសមត្ថភាពនិយាយភាសាខ្មែរយ៉ាងស្ទាត់ពេលបំពេញការងារនៅកម្ពុជា។ ប៉ុន្តែពេលនេះមានឯកអគ្គរដ្ឋទូតរបស់រុស្ស៉ីម្នាក់ទៀត ក៏ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់លាស់ផងដែរ។
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស បាននិយាយភាសាខ្មែរយ៉ាងច្បាស់។
មុនចាប់ផ្តើមកិច្ចពិភាក្សាការងាជាមួយលោក ប្រាក់ សុខុន, លោក Anatoly Borovik បាននិយាយភាសាខ្មែរជាច្រើនពាក្យ ដើម្បីបង្ហាញពីការគោរព និងឲ្យតម្លៃភាសាខ្មែរ ពេលលោកជួបជាមួយជនជាតិខ្មែរ។ នៅចំពោះប្រមុខការទូត មុខមន្ត្រីការទូតខ្មែរ និងក្រុមអ្នកសារព័ត៌មានជាច្រើនរូប គេឮលោក Borovik និយាយភាសាខ្មែរច្បាស់ជាច្រើនមាត់។
ការនិយាយភាសាខ្មែរយ៉ាងច្បាស់របស់លោក Borovik ធ្វើឲ្យប្រមុខការទូត មន្ត្រីការទូតខ្មែរ ជាពិសេសក្រុមអ្នកសារព័ត៌មាន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំក្រសួងការបរទេស បានលើកឡើងស្រដៀងគ្នាថា ក្រៅពីឯកអគ្គរដ្ឋទូតជប៉ុន ពួកគេមិនដែលឃើញឯកអគ្គរដ្ឋទូតរុស្ស៉ីរូបណា និយាយភាសាខ្មែរបែបនេះឡើយ។
ការដែលលោកឯកអគ្គរដ្ឋទូតរុស្ស៉ី អាចនិយាយភាសាខ្មែរបាននេះ ដោយសារតែរូបលោកធ្លាប់បានមកធ្វើការនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ៨០ ហើយក៏ធ្លាប់បានរៀនអក្សរសាស្ត្រខ្មែរផងដែរ។
បើតាមលោក ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស បានបង្ហើបឲ្យដឹងថា លោក Anatoly Borovik ធ្លាប់បានធ្វើការងារនៅកម្ពុជា តាំងពីឆ្នាំ១៩៨៤ ហើយលោកប្រឹងប្រែងរៀនភាសាខ្មែររហូតមក។ នេះជាលើកទី៤ហើយ ដែលមន្ត្រីជាន់ខ្ពស់រុស្ស៉ីរូបនេះ មកបំពេញការងារនៅកម្ពុជា ដោយលើកទីមួយចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩, លើកទីពីរចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧, លើកទីបីចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៤ ខណៈនេះជាលើកទីបួនតែម្តង៕