(ភ្នំពេញ)៖ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មិនមែនបានប្រយោជន៍ តែក្រុមហ៊ុនរបស់ប្រទេសកម្ពុជា និងប្រទេសចិននោះទេ ក្រុមហ៊ុនរបស់ប្រទេសអាមេរិក ឬក៏ក្រុមហ៊ុនរបស់ប្រទេសជប៉ុន និងប្រទេសដទៃទៀត ក៏ទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះដូចគ្នា។
ក្នុងកិច្ចសម្ភាសន៍ភ្ញៀវពិសេសប្រចាំសប្ដាហ៍ ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលទទួលផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិនមុនគេ គឺក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាយើងមិនថា ក្រុមហ៊ុនវិនិយោគដោយខ្មែរ ឬក៏បរទេសនោះទេ ពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាស្ថាពរ នឹងទទួលផលប្រយោជន៍ ដោយការផលិតនាំចេញនៅប្រទេសចិន ដោយរួចពន្ធ»។
បន្ថែមពីនោះទៀត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា «មិនប៉ុណ្ណឹងទេ ក្រុមហ៊ុនផ្សេងៗ មិនថា ក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនចិន ក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនដទៃទៀត នៅក្នុងតំបន់អាស៊ាន នឹងអាចមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអាចផលិតនាំចេញ ទៅប្រទេសចិន ដើម្បីរួចពន្ធផងដែរ»។
ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ក៏បានថ្លែងថា យើងត្រូវមានមោទនភាព ដែលប្រទេសយើងតូច ហើយសេដ្ឋកិច្ចតូច ហេតុអ្វីបានយើងទទួលបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិននេះ មិនមែនជារឿងធម្មតានោះទេ ដូច្នេះ គឺជាការទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលផ្ដល់ភាពអនុគ្រោះដល់កម្ពុជា ដែលនេះជាសំណាងរបស់ប្រជាជនកម្ពុជា។
គូសបញ្ជាក់ថា កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីពេលថ្មីៗនេះ ហើយរំពឹងថា នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ បើគ្មានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២១។
កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។
ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាផងដែរ។
ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានចំនួនសរុបប្រមាណ៦.៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ៥.៦ពាន់លានដុល្លារ។
នៅក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន៨.២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ៕