(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីីក្រសួងការពារជាតិ បានក្រើនរំឮកដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងគ្រាជួបគ្រោះទឹកជំនន់។
ការក្រើនរំឮកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្រោយបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា បានទទួលរងគ្រោះដោយសារតែទឹកជំនន់ជន់ឡើង ធ្វើឱ្យខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ បាត់បង់ទីជម្រក និងបំផ្លិចបំផ្លាចទ្រព្យសម្បត្តិអស់ជាច្រើនផងដេរ។
តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងគ្រាដែលយើងកំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់នៅតាមបណ្តាខេត្តមួយចំនួន។ កងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋយើង ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា»។
ទន្ទឹមនឹងការអំពាវនាវរបស់ប្រមុខកងទ័ពនេះដែរ គេឃើញមានការបញ្ចេញកម្លាំងកងទ័ពនៅតាមបណ្តាលភូមិភាគមួយចំនួន ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ គេឃើញមានវត្តមានរបស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង និងបញ្ជាឱ្យក្រុមការងារបច្ចេកទេស សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction បើកទ្វារទឹក៤ នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប។
នេះជាការឆ្លើយតប តាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួន៕