(ភ្នំពេញ)៖ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានផ្តល់ជំនួយសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង។ នេះបើតាមលិខិតរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ផ្ញើទៅកាន់អភិបាលខេត្តបាត់ដំបងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លិខិតរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ឆ្លើយតបនឹងស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋតាមបណ្តាស្រុកដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចក្រឡាហោម ស ខេង សូមផ្ញើជូននូវជំនួយសង្គ្រោះបឋមដូចជា អង្គរ២០តោន មី២០០កេស ត្រីខកំប៉ុង២០០យួរ។
សូមបញ្ជាក់ថា បណ្តាស្រុកមួយចំនួន នៅខេត្តបាត់ដំបងពេលនេះ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃមកនេះ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដានសភាពការណ៍នេះលើ២៤ម៉ោង ខណ:ដែលភ្លៀងកំពុងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យមូលដ្ឋានភូមិ ស្រុកមួយចំនួនមានការលិចលង់ ហើយត្រូវមានក្រុមការងារប្រចាំការ សម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ចៃដន្យជាយថាហេតុណាមួយដែលយើងគ្រប់គ្រងមិនទាន់នោះ៕
ខាងក្រោមនេះជាលិខិតរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម៖