(បាត់ដំបង)៖ ប្រជាពលរដ្ឋជាង ២០០០នាក់ រស់នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានកម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចេញប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសទៅកាន់ទីទួល មានសុវត្ថិភាពភ្លាមៗ ក្រោយទឹកជំនន់ដែលបណ្តាលមកពីធ្លាក់ភ្លៀង និងហូរធ្លាក់មកពីផ្នែកខាងលើ បានវាយប្រហារបណ្តាលបាក់ទំនប់បាសាក់ នៅរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
ពេលបាក់ទំនប់ទាំងកណ្តាលយប់នោះ មិនបានធ្វើឲ្យប្រជាពលរដ្ឋដឹកខ្លួន និងត្រៀមទាន់ពេលនោះឡើយ ដោយសារពួកគាត់កំពុងតែលង់លក់នៅក្នុងផ្ទះ ស្រាប់តែទឹកចាប់ផ្តើមលិចបន្តិចម្តងៗ រហូតនាំគ្នាចាកចេញពីលំនៅដ្ឋាន ដោយមិនបានប្រមូលសម្ភារ និងទ្រព្យសម្បត្តិច្រើននោះឡើយ។
ពេលមានគ្រោះធម្មជាតិនេះកើតឡើងភ្លាមៗ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំឃុំបាសាក់ កម្លាំងកងទ័ព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចេញទូក និងមធ្យោបាយជាច្រើន ជួយអន្តរាគមន៍ និងជម្លៀសជនរងគ្រោះមានទាំងក្មេងចាស់ប្រុសស្រី ទៅកាន់ទីទួលមានសុវត្ថិភាព ជាបណ្តោះអាសន្នទំរាំទឹកស្រក និងអាចវិលចូលលំនៅដ្ឋានវិញ។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបាសាក់ បានឲ្យដឹងថា អំណោយសង្គ្រោះជាបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង រួមមាន មី ទឹកសុទ្ធ និងថវិកាមួយចំនួន ត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗ នៅកន្លែងទីទួលមានសុវត្ថិភាព។
យោងតាមរបាយការណ៍របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំបាសាក់ បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាង២០០០នាក់ បានរងគ្រោះស្មើនឹង ជាង៥០០គ្រួសារបានរងគ្រោះ ក្នុងនោះមានផ្ទះចំនួន ២៦៧ខ្នងផ្ទះបានលិចលង់។ ក្រៅពីនោះផ្ទៃដីដាំដុះជាង ៨០០ហិកតា បានរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សត្វពាហនៈ និងទ្រព្យសម្បត្តិជាច្រើនដូចជា គោយន្ត និងម៉ូតូជាដើម។
ជាមួយគ្នានេះ ប្រឈមនឹងដោះស្រាយគ្រោះធម្មជាតិមួយនេះ សម្តេចក្រឡហោម ស ខេង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានផ្តល់ជំនួយសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ឆ្លើយតបនឹងស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋតាមបណ្តាស្រុកដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង សម្តេចក្រឡាហោម ស ខេង សូមផ្ញើជូននូជំនួយសង្គ្រោះបឋមដូចជា អង្គរ២០តោន មី២០០កេស ត្រីខកំប៉ុង២០០យួរ។
នៅព្រឹកថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរចុះមកកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក និងរុក្ខគិរី។
ក្នុងដំណើរចុះមកកាន់ខេត្តបាត់ដំបងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួនទៀតផងដែរ។
តំបន់មួយចំនួននៅក្នុងស្រុកភ្នំព្រឹក និងស្រុករុក្ខគិរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងខេត្ត បានបើកប្រតិបត្តិការភ្លាមៗយ៉ាងសស្រាក់សស្រាំចុះជួយប្រជាពលរដ្ឋរងការជន់លិចទៅរកទីទួលសុវត្ថិភាព៕