(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ គណៈកម្មការរៀបចំព្រឹត្តការណ៍ខេត្តបាត់ដំបង បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង ដើម្បីទេសចរណ៍ ការអប់រំ និងសុខភាពកុមារឆ្នាំទី១ ដើម្បីរៃអង្គាសថវិកា សាងសង់សាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តបាត់ដំបង និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីលោក យឹម សៀប អភិបាលរងខេត្ត និងមានការចូលរួមពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាង អង្គភាពទាំងបួនខាងលើ អ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍តំណាងក្រុមហ៊ុនសហគ្រាស អាជីវកម្ម និងស្ថាប័នសារព័ត៌មានល្បីៗ សរុបប្រមាណ១០០នាក់ចូលរួមផងដែរ។
លោក អេ សុភា ប្រធានគណៈកម្មការរៀបចំព្រឹត្តការណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា អង្គសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ជិះកង់ខេត្តបាត់ដំបង ដើម្បីទេសចរណ៍ ការអប់រំ និងសុខភាពកុមារឆ្នាំទី១ នៅខេត្តបាត់ដំបង និងខេត្តសៀមរាបនេះ ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ដូចជាការសាងសង់សាលារៀននៅតាមតំបន់ដាច់ ស្រយាលនៃសហគមន៍ ខេត្តបាត់ដំបង ហើយមួយចំណែកទៀតសម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលកំពុងតែជួបប្រទះនូវកង្វះខាតថវិកា ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងពិភពលោក។
លោក អេ សុភា ប្រធានគណ:កម្មការរៀបចំព្រឹត្តិការជិះកង់ខេត្តបាត់ដំបងបានបញ្ជាក់ថា «ក្នុងការជិះកង់ គឺគណ:កម្មការយើងមានគោលបំណងដូចជា
ជិះកង់ដើម្បីសុខភាព និងគោលដៅយើងជិះកង់ទៅមាន២គោលដៅជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តសំខាន់ៗគឺ នៅវត្តសំរោងក្នុង និងនៅប្រាសាទបាសែតខេត្តបាត់ដំបង នៅខែក្រោយនេះ ដែលធ្វើឲ្យយើងបានស្គាល់រម្មណីយដ្ឋានផ្សេងៗ ហើយបានដើររៃអង្គាសប្រាក់ពីសប្បុរសជន ដើម្បីយកមកជួយសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្តសម្រាប់ដូចជាការសាងសង់សាលារៀននៅតាមតំបន់ដាច់ស្រយាលនៃសហគមន៍ខេត្តបាត់ដំបង ហើយមួយចំណែកទៀតសម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលកំពុងតែជួបប្រទះនូវកង្វះខាតថវិកា នាពេលបច្ចុប្បន្ម និងទៅពេលអនាគត់»។
ក្នុងអង្គសន្និសិទ្ធសារព័ត៌មាននោះដែរ លោក យឹម សៀប បានឲ្យដឹងថា ព្រឹត្តិការណ៍ជិះកង់នេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមជិះកង់ខេត្តបាត់ដំបង(Battambang CyclingTeam-BCT) សមាគមន៍ឈានមុខខេត្តបាត់ដំបង (AdvancedEntreprene
urs ASSOciation of Battamabang -AEBB) ក្រុមជិះកង់ដើម្បីកម្ពុជា (Cycling for Cambodia-CFC) និងមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children - AHC)។
លោកបានបន្តថា ដើម្បីផ្តល់ជាព័ត៌មាន និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ជិះកង់នេះ ដល់សហគ្រាស ក្រុមហ៊ុន អាជីវកម្ម ក្នុងខេត្តក៏ដូចជានៅក្នុងប្រទេសកម្ពុជា និងជាការស្វែងរកការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅបានដោយជោគជ័យ ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណៈជនគ្រប់ទិសទី ពិសេសអ្នកស្រលាញ់ សុខភាព ការជិះកង់កម្សាន្ត និងលើកកម្ពស់ការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកិច្ចការមនុស្សធម៌៕