(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដង្កោ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ចំនួន១៨គ្រួសារ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះនៅពេលទឹកបានបុកមកខ្លាំង។
អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបាននិងកំពុងវាយលុយសង្កាត់ចំនួន២របស់ខណ្ឌ រួមមាន សង្កាត់គងណយ និងសង្កាត់សាក់សំពៅ ដែលធ្វើផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ត្រូវបានជន់លិច។
ក្នុងឱកាសនោះ លោកអភិបាលក៏បានចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនេះផងដែរ។
បន្ទាប់មកទៀតលោក ឃួង ស្រេង បានបន្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា។ សូមបញ្ជាក់ថា នៅទំនប់ ៧មករានេះ ទឹកឡើងដល់កម្ពស់ ៨,១០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ១,១០ម៉ែត្រ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ក្រោយការចុះពិនិត្យស្ថានភាពទឹកនៅខណ្ឌដង្កោ លោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពទឹក និងកាយលូនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុនបន្តទៅពិនិត្យមើលនៅតាមផ្លូវវិមានឈ្នះឈ្នះ៕