(ប៉ៃលិន)៖ ភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃបណ្តាលឲ្យលិចផ្ទះ និងសើមបង្កឲ្យមានការឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ហើយបណ្តាលឲ្យស្ត្រីម្នាក់ ត្រូវភ្លើងឆក់រងរបួសធ្ងន់ ត្រូវបានក្រុមការងារយុវជន ស.ស.យ.ក ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ស្ត្រីរងគ្រោះមានឈ្មោះ ង៉ែត ភី អាយុ៥១ឆ្នាំ។ មុនពេលកើតហេតុ គេឃើញមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំង ហើយទឹកក៏ជន់ឡើងដល់ផ្ទះរបស់គាត់ លុះជនរងគ្រោះមិនបានចាប់អារម្មណ៍ ក៏ដើរទៅក្បែរចរន្តភ្លើងដែលនៅក្នុងផ្ទះ បណ្តាលឲ្យឆក់ដួលរបួសតែម្តង។

ក្រោយពេលកើតហេតុលោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានជួយដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតឲ្យទាន់ពេលវេលា។ រហូតមកដល់ពេលនេះ ស្ត្រីរងគ្រោះមានការធូរស្បើយឡើងវិញបន្តិចហើយ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕