(ភ្នំពេញ)៖ កម្ពុជានឹងបន្ដធ្លាក់ភ្លៀង ច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្រ្ត ជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក បានឲ្យដឹងថា អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ និងយោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។
លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក៖