(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ សហការជាមួយមន្ទីរសាធារណការខេត្តកោះកុង បានរៀបចំដាក់បំពាក់សូឡាភ្លើងបំភ្លឺជាសញ្ញាតំបន់គ្រោះថ្នាក់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដល់អ្នកបើកបរដែលធ្វើចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុច អន្ទង់អាំងតូច និងអន្ទង់អាំងធំក្នុងភូមិសាស្រ្តឃុំបូទុមសាគរ ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តក្នុងការគិតពីសុវត្ថិភាព ប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តទូទៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អាជ្ញាធរស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរ សាធារណការខេត្ត បំពាក់សូឡាបំភ្លឺចំនួន៥អំពូលបន្ថែមទៀត ជាសញ្ញាសំគាល់នៅចំណុចគ្រោះថ្នាក់នៅតាមដងផ្លូវសាធារណៈ ដែលងាយរងគ្រោះដូចជាផ្លូវបទ ផ្លូវកោង ចំណោតដើម្បីងាយស្រួលឲ្យអ្នកបើកបរយានយន្ត រថយន្តបានឲ្យដឹងនៅចំណុចងាយគ្រោះថ្នាក់ ហើយជាស្មារតីមួយសម្រាប់ឲ្យគាត់បានដឹងនៅចំណុចដែលងាយរងគ្រោះ ហើយមានការប្រុងប្រយ័ត្ននៅត្រង់ចំណុចនេះ។
លោក ហាក់ ឡេង បានបន្ថែមថា អំពូលភ្លើងសូឡាដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈជាសញ្ញាប្រុងប្រយ័ត្ននេះ ក្រុមការងារបានបំពាក់រហូត១១អំពូល ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរនេះ ដើម្បីហេដ្ឋាចរនាសម្ព័ន្ធ និងដើម្បីសុវត្តិភាពប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ លោកនិងខិតខំកៀងគរស្វែងរកសម្បុរសជនបន្ថែមទៀត ដើម្បីដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សុវត្តិភាពប្រជាពលរដ្ឋ៕