(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង យ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ជារួមទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើគឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិច ទៅផ្នែកខាងក្រោមក្នុងស្រុកមោងឫស្សីជាបន្ត។
ក្រោយពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងដែលជួបរងគ្រោះជំនន់ទឹកភ្លៀងនាព្រឹកនេះ ទេសរដ្ធមន្រ្តី គន់ គីម ព្រមទាំងសហការីខាងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានបន្តរបេសកកម្មជួយប្រជាពលរដ្ឋជាបន្ត។
ចំណែកលោករដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងសហការីថ្នាក់រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេសរួមដំណើរទាំងអស់ បានសំរេចចេញនូវផែនការទប់ទំនប់អាងទឹក បាសាក់ឡើងវិញជាបន្ទាន់ ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉រ ដែលកំពុងប្រត្តិបត្តិការនៅទំនប់ដូនទ្រីក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន១៨គ្រឿង ចាក់ល្បាយថ្ម ទំហំ ៦០ស.ម និងដីជួសជុលចាក់បិតទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀតបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុក ជួសជុលបិតផ្ចិតទំនប់ដែលដាច់ឲ្យជាប់ដូចដើមក្នុងរយ:ពេល ២ ឬ៣ថ្ងៃ បើទោះបីស្ពានបេឡេដែលខេត្តសន្យាជួយតភ្ជាប់ផ្លូវមិនទាន់រួចក៏ដោយ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ។
ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបងរួមមាន ស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេលក៏កំពុងប្រឈមសោយការយាយី ពីជំនន់ទឹកភ្លៀងនេះផងដែរ។
ថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ បានបន្តតាមដាន និងធ្វើការអន្តរាគមនជាបន្តបន្ទាប់លើគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ៕