(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមច្រានចោលចំពោះខ្លឹមសារ អត្ថាធិប្បាយមួយចំនួនរបស់ម្ចាស់គេហទំព័រ ហ្វេសប៊ុកឈ្មោះ «ព័ត៌មានក្នុងដៃ» ដែលបានបង្ហោះវីដេអូឃ្លីប និងខ្លឹមសារអត្ថាធិប្បាយថា នៅចំណុចភូមបឹងតាសុក ឃុំឈូក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ទឹកជំនន់លិចលង់ផ្ទះសម្បែង ផលដំណាំ សត្វចិញ្ចឹម និងប្រើពេលបីម៉ោង ដើម្បីហែលទឹកជំលៀសខ្លួន និងមានប្រជាពលរដ្ឋជាច្រើនទៀត ជាប់ក្នុងផ្ទះលិចទឹកនោះ ដែលមានន័យថា គ្មានក្រុមការងារចុះជួយអន្តរាគមន៍។
ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា «ជារឿងពិត ទឹកភ្លៀងជំនន់បានវាយលុកបំផ្លាញ ទំនប់ក្បាលហុងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង០២៖០០នាទី រំលងអាធ្រាតនេះ បណ្តាលឲ្យបាក់ទំនប់ក្បាលហុងទឹកបាសាក់ បាក់ស្ពាន និងដាច់ផ្លូវជាច្រើនកន្លែង»។
ទទួលបានដំណឹងភ្លាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យគណៈ អភិបាលខេត្ត ដឹកនំាកម្លាំងចំរុះចុះអន្តរាគមន៍បន្ទាន់ ដើម្បីចៀសវាងការគ្រោះយថាហេតុណាមួយកើតឡើង ដល់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ចល័តកម្លាំងជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋ និងសត្វចិញ្ចឹមទៅរកទីទួលសុវត្ថិភាព ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស សត្វនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែល រងគ្រោះដោយសារគ្រោះធម្មជាតិនេះ។
ដោយឡែកលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករុក្ខគីរី បានជំរុញថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំ ចំណុះស្រុករុក្ខគីរី យកចិត្តទុកដាក់ និងជួយជ្រោមជ្រែងប្រជាពលរដ្ឋ ពិសេសកៀងគរជំនួយសង្គ្រោះបន្ទាន់ ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ ក្នុងនោះ លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី បានដឹកនាំកម្លាំងអន្តរាគមន៍ដោយផ្ទាល់។
ជារួមកម្លាំងចំរុះរបស់អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិបានខិតខំបានកើនប្រមូលកម្លាំងសរុប មធ្យោបាយសរុប និងធនធាន ដើម្បីជួយអន្តរាគមន៍ភ្លាមៗ ដោយមិនបណ្តាយឲ្យប្រជាពលរដ្ឋណាម្នាក់ជាប់គាំង រងរបួស និងបាត់បងអាយុជីវិតក្នុងគ្រោះធម្មជាតិទឹកជំនន់នេះឡើយ។ ដោយឡែកកាកបាទក្រហមបាត់ដំបង និងខេត្តពោធិ៍សាត់ បាននិងកំពុងពិនិត្យលទ្ធភាពដោះស្រាយចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយការយកចិត្តទុកដាក់បំផុត។
ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណចំពោះម្ចាស់គេហទំព័រហ្វេសប៊ុកខាងលើ ដែលបានផ្ដល់ព័ត៌មាននេះ បើទោះជាព័ត៌មានក្រោយកិច្ចប្រតិបត្តិការ កម្លាំងអន្តរាគមន៍របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ ក៏ដោយ ក៏ត្រូវបានចាត់ទុកថា ជាព័ត៌មានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ភូមិសាស្ត្រ កើតហេតុខាងលើមានការប្រុងប្រយ័ត្នខ្ពស់៕