(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករ ចំនួន៥០គ្រួសារ។ ពិធីនេះ បានរៀបចំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តព្រឹត្តបណ្ឌិត សម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា មកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារ ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី-កង្កែប ក៏ដូចជាប្រកបរបរផ្សេងៗទៀតផងដែរ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានចែករំលែកបទពិសោធន៍អំពីជីវិតជាកសិករ តស៊ូលំបាកគ្រប់បែបយ៉ាង ដើម្បីផលិតស្បៀងផ្គត់ផ្គង់ឲ្យគ្រួសារ ប៉ុន្តែផ្ទុយពីជីវិតកសិករសម័យតេជោ ដោយសារបច្ចេកវិទ្យាវិស័យកសិកម្មមាន ការរីកចម្រើន ទំនើប ទាន់សម័យ និងជាពិសេស ដោយសារការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ជាក់ស្តែងថវិកា២,០០០លានរៀល គឺជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចផ្ទាល់ សម្រាប់ទិញកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀត យកមកចែកជូនកសិករនាពេលនេះ។ ភ្ជាប់នឹងការងារបច្ចេកទេស លោកបានណែនាំឲ្យមន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាធ្វើការតាម ដាននូវរាល់សកម្មភាពរបស់កសិករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ដើម្បីឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជាបន្តបន្ទាប់ និងត្រូវបន្តជួយគាំទ្របច្ចេកទេសសម្រាប់កសិករក្នុងវគ្គទី១ ធ្វើយ៉ាងណាឲ្យអាជីវកម្មនេះ មានចីរភាព និងនិរន្តរភាព។
ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ ចងក្រងជាបណ្តុំអាជីវកម្ម និងសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។
ចំពោះមុខលោកអភិបាលខេត្ត និងបងប្អូនកសិករ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលជលផលសន្យាថា នឹងខិតខំពុះពារគ្រប់បែបយ៉ាង មិនថាឡើយពេលវេលាឈប់សម្រាកចុងសប្តាហ៍ ចុះមកជួយជំរុញយុទ្ធនាការនេះ ឲ្យកាន់តែសកម្មឡើងថែមទៀតនៅទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើន ផលិតភាពផលិតកម្មស្បៀង ថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀង ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមត្រី និងកង្កែបតាមគ្រប់រូបភាព។
សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង៥០គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី៧០០ក្បាល ចំណី៤បាវ និងតង់១ និងថ្នាំវីតាម៉ីន៣កញ្ចប់។ ដើម្បីជាការលើកទឹកចិត្ត លោករដ្ឋមន្ត្រី វេង សាខុន បានជួយឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ជូនលោក យឿន យឿម ផងដែរ៕