(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ ដែលអញ្ជើញមកពីឃុំឆែបមួយ ឃុំម្លូព្រៃមួយ ឃុំសង្កែពីរ និងឃុំសង្កែមួយ ស្រុកឆែប។ ពិធីនេះ បានរៀបចំនៅផ្ទះកសិករ ឆឹង បូ និងភរិយា សយ បូភា រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋ គ្រប់ៗក្រុមគ្រួសារ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។
បានឃើញកសិករទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និរន្តរភាពនៃការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាព នៃការផលិត និងការចងក្រងបណ្តុំអាជីវកម្ម -ល-។ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវទឹកចិត្តសប្បាយ រីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករ ឆឹង បូ និងកសិករផ្សេងទៀត ទទួលបាននាពេលនេះ។
លោករដ្ឋមន្ដ្រី បានឲ្យដឹងថា ពិតណាស់ស្របទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាព សម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេស បានត្រឹមត្រូវរបស់កសិករ ឆឹង បូ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំ ណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ត្រង់ចំណុចនេះ លោករដ្ឋមន្ដ្រី វេង សាខុន បានស្នើសុំឲ្យកសិករខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលក្នុងគ្រួសារ និងជាពិសេសកាត់បន្ថយការនាំចូល។
ដាំ និងចិញ្ចឹមបានផលហើយ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេក ទេសបន្ថែមលើការអនុវត្ត GAP ការអនុវត្តផលិតកម្ម កសិកម្ម តាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុក ចិត្តពីអតិថិជន តាមរយៈគុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេស វេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ ចៀសវាងការបន្លំគុណភាព។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំឲ្យនាយកគម្រោង ឬកម្មវិធីនីមួយៗត្រូវសិក្សា ឬពិនិត្យឡើងវិញ ដើម្បីដាក់បញ្ចូលការរៀបចំ ចងក្រងបណ្តុំអាជីវកម្ម នៅគ្រប់សហគមន៍កសិកម្ម ក្នុងខេត្តគោលដៅរបស់ខ្លួន ដោយហេតុថា ការចងក្រងបណ្តុំគឺជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការតភ្ជាប់រវាងអ្នកផលិត និងឈ្មួញ ធានាបរិមាណ និងនិរន្តរភាពផ្គត់ផ្គង់ គុណភាព ទីផ្សារ និងតម្លៃ -ល-។ ប្រៀបដូចជាការរំដោះផលិតផលបន្លែ ត្រី សត្វចេញពីចំការ។
ដើម្បីជាការជំរុញលើកទឹកចិត្ត លោករដ្ឋមន្ត្រី វេង សាខុន បានចែកជូនកសិករ នូវសម្ភារមានដូចជា៖ ស្បៃខៀវប្រក់ដំបូល២៤ដុំ សំណាញ់អួន៣១០គីឡូ ម៉ាស៊ីនកិនបន្លែ១គ្រឿង ម៉ាស៊ីនកិនចំណី១គ្រឿង សំណាញ់ដែកបំបែកកូនមាន់២១ដុំ ទូភ្ញាស់កូនមាន់២គ្រឿង ធុងទឹក១០០០លីត្រ ចំនួន២ ធុងទឹក៥០០លីត្រចំនួន ២ តង់ខៀវ ២ផ្ទាំងនិងសំណាញ់ទ្រើង ៤ដុំ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី វេង សាខុន បានជួយឧបត្ថម្ភទុនដល់សហគមន៍ចំនួនមួយលានរៀល និងសាងសង់តំបូលអាគារសហគមន៍ចំនួនពីរលានរៀល ។ ដោយឡែក ចំពោះសំណើរ កសិករ ឆឹង បូ ពាក់ព័ន្ធនឹងអណ្ដូងទឹក លោករដ្ឋមន្ត្រីបានឲ្យលោកប្រធានមន្ទីរចុះមកសិក្សា ហើយសន្យាថា នឹងជួយឧបត្ថម្ភ ៥០%៕