(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ទីរការិយាល័យ មន្រ្តីពាក់ព័ន្ធ និងចៅសង្កាត់ ចុះពិនិត្យការកាយប្រឡាយតាមផ្លូវមហាវិថីឈ្នះឈ្នះ ដើម្បីរំដោះទឹកខាងលិចរាជធានីភ្នំពេញ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
កាលពីព្រឹកមិញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដង្កោ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ ចំនួន១៨គ្រួសារ។
អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបាន និងកំពុងវាយលុយសង្កាត់ចំនួន២របស់ខណ្ឌ រួមមាន សង្កាត់គងណយ និងសង្កាត់សាក់សំពៅ ដែលធ្វើផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ត្រូវបានជន់លិច។
ក្នុងឱកាសនោះ លោកអភិបាលក៏បានចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនេះផងដែរ៕