(ភ្នំពេញ)៖ រថយន្តយោធាជាច្រើនគ្រឿងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ១៩ ពេលនេះកំពុងតែចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះរថយន្តយោធាមួយចំនួន ត្រូវបានបញ្ចេញ ដើម្បីដឹកស្បៀង និងសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។
ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ មន្រ្តីយោធាដែលបានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានឧបត្ថម្ភរថយន្តដល់អង្គភាពរបស់គាត់។
មន្រ្តីរូបនោះអះអាងថា រថយន្តទាំងនេះមានគុណភាពល្អ ថ្មី អាចចល័តបានយ៉ាងឆាប់រហ័សដែលធ្វើឱ្យមានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ចំណែករថយន្តចាស់ៗកន្លងទៅ មានការខូចខាតច្រើន ដែលចល័តមិនទាន់សភាពការណ៍ជាដើម។ លោកអះអាងទៀតថា ដោយសាររថយន្តអំណោយរបស់សម្តេចតេជោ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់កងទ័ពនេះហើយ បានធ្វើឱ្យកងទ័ពបានរួមចំណែកជួយពលរដ្ឋបានយ៉ាងឆាប់រហ័ស។
មន្រ្តីយោធារូបនោះ បានចាត់ទុកថា ការឧបត្ថម្ភនេះជារឿងត្រឹមត្រូវ ក្នុងការពង្រឹកផ្នែកដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជួយប្រជាពលរដ្ឋ។ លោករិះគន់លើជនអគតិមួយចំនួនដែលបានរិះគន់ទៅលើការបញ្ជាទិញរថយន្តយោធានាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «អ្នកអគតិមួយចំនួន គាត់អត់ដឹងអំពីការងាររបស់យើង ជួយសង្គ្រោះប្រជាពលរដ្ឋបែបណា បានទាន់ពេលវេលា បើយើងមិនមានរថយន្តថ្មីនេះ គឺតំបន់នេះ ត្រូវលិចលង់ហើយខូចខាតច្រើន ហើយដោយសារតែរថយន្តរបស់យើងបានចល័តទាន់ពេលវេលា ធ្វើឱ្យកងកម្លាំងរបស់យើងបានមកជួយ ដោយមិនគិតរឿងថ្ងៃឬយប់នោះទេ ទោះបីជាទឹកមានជម្រៅជ្រៅបែបនេះ ក៏រថយន្តអាចឆ្លងកាត់បាន ជាពិសេសយើងដឹកស្បៀង ចែកជូនដល់ប្រជាពលរដ្ឋទៀត»។
រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។ ពិធីប្រគល់ និងទទួលរថយន្តទាំងនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លានដុល្លារ ដែលជាការបរិច្ចាគរបស់សប្បុរជន ដើម្បីបម្រើប្រាស់ជាមធ្យោបាយឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ហើយសម្ដេចបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើនជាងនេះទៀត។
ជាមួយនឹងការថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពីកងកម្លាំងនានា។ លោកថ្លែងអំណរគុណដល់ លោកទេសរដ្ឋមន្រ្តី គន់ គីម រួមទាំង លោករដ្ឋមន្រ្តី ស៊ុយ សែម និង លោករដ្ឋមន្រ្តី លឹម គានហោផងដែរ។
ដោយឡែកចំពោះស្ថានភាពជំនន់ទឹកភ្លៀង លោកអភិបាលខេត្តពោធិ៍សាត់ បានសង្កេតឃើញមានការស្រកចុះផ្នែកខាងលើហើយ ប៉ុន្តែលោកនឹងរង់ចាំតាមដានស្ថានភាពបន្តទៀត ជាមួយនឹងការត្រៀម និងប្រើប្រាស់កម្លាំងសរុបនៅក្នុងខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ លោកអះអាងថា ផលដំណាំកសិកម្មមួយចំនួន អាចរងផលប៉ះពាល់ ប៉ុន្តែ វាអាស្រ័យទៅលើស្ថានភាព នៃការជនបន្តទៅមុខទៀត៕