(ត្បូងឃ្មុំ)៖ ដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យ មានទស្សនកិច្ចសិក្សាមួយឡើងទៅកាន់តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ក្នុងនោះលោក ជាម ច័ន្ទសោភ័ណ បានចង្អុលបង្ហាញ និងណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើង ដោយមានក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាសមាជិកក្រុមប្រឹក្សាយុវជនតាមសាលាមធ្យមសិក្សាទូទាំងខេត្តចំនួន ២១០នាក់ ចែកចេញជា ៧វគ្គ ក្នុង១វគ្គចំនួន ៣០នាក់ ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលប្រវត្តិសាស្រ្តកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនមកដល់សព្វថ្ងៃ។
ក្នុងទស្សនកិច្ចសិក្សានោះ ក្រុមយុវជនក៏បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២ វីដេអូស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨៕