(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលទទួលស្គាល់សមាជិកសមាជិកាគណបក្សថ្មី ចំនួន១០៤នាក់ មកពីបីភូមិក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការឃុំនីពេជ។
ពិធីនេះក៏មានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាច្រើនរូបទៀតផងដែរ។
លោកស្រី ឃួន ឃុនឌី បានកោតសរសើរគណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មាតុភូមិដែលបែកបាក់ ខ្ទេចខ្ទាំទុរភិក្ស អសន្តិសុខ ដោយសារសង្គ្រាមរាំរ៉ៃមកជាប្រទេស មានសុខសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ និងបានកំពុងខិតខំប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ។
លោកស្រីបានណែនាំដល់សមាជិកគណបក្សថ្មី ឲ្យខិតខំបំពេញភារកិច្ចជូនគណបក្ស ដូចមានចែងយ៉ាងច្បាស់ក្នុងលក្ខន្តិកៈរបស់គណបក្ស និងលើកឡើងអំពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍។
លោកស្រីបានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។
ចុងបញ្ចប់លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា ទើបទទួលស្គាល់ថ្មីទាំងអស់រួបរួមគ្នា បន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរ ឆ្ពោះទៅដណ្តើមជ័យជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ២០២២-២០២៣នាពេលខាងមុខនេះ។
ដោយឡែកគណៈអធិបតី បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់ នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយសូមពុកម៉ែបងប្អូនទាំងអស់ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានោះផងដែរ លោកស្រី ក៏បានចុះសួរសុខផ្ទះប្រជាពលរដ្ឋ ដែលបានធ្វើមរណភាព និងចូលរួមបច្ច័យមួយចំនួនផងដែរ៕