(ស្វាយរៀង)៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ប្រគល់សម្ភារ និងគ្រឿងបរិក្ខាដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩។
ក្នុងពិធីប្រគល់នោះ លោក សៅ សុខា បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននិងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរ សម្រាប់នៅកម្ពុជាយើង ផងដែរ។
លោកថា «នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ខ្ញុំផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយ ផ្ដល់ស្បៀងអាហារ ទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ»។
ក្នុងនោះផងដែរ លោកប្រធាន សៅ សុខា បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះគឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខារវេជ្ជសាស្រ្តមួយចំនួន បម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។
លោកក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធ ពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្ភារដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រផងដែរ៕