(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន៤០គ្រួសារ។
ការចុះសួរសុខទុក្ខនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ចាក់អង្រែលើ, លោក យី កុយ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់ចាក់អង្រែលើ, លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ, លោកមេភូមិ ព្រែកតាគង់១, លោក លោកស្រី សប្បុរសជន និងយុវជនកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែ យកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងប្រទេសកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
បន្ទាប់មកលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីចៀសវាងកុំឲ្យឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះឲ្យសោះ វាអាចគ្រោះថ្នាក់ដោយប្រការណា មួយជាយថាហេតុ។
ម្យ៉ាងវិញទៀតលោក ពេជ្រ កែវ មុនី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង៤០គ្រួសារ កុំឲ្យមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនប្រជាពលរដ្ឋ គ្រប់ដង្ហើមចេញចូល និងគ្រប់ពេលវេលា មិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
អណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ រួមមាន៖ អង្ករ១០គីឡូក្រាម, ទឹកសុទ្ធ១យួរ, ទឹកស៊ីអ៉ីវ១ដប, ទឹកត្រី១ដប, មី១០កញ្ចប់, ត្រីខ៣កំប៉ុង, រួមទាំងថវិកា២០,០០០ រៀល៕