(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរព្រះរាជគុណចំពោះ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបានព្រះរាជទានព្រះរាជអំណោយ សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រាកំពុងជួយគ្រោះជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។
យោងតាមសារលិខិតថ្វាយព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងនាមសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងទូលព្រះបង្គជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអតិបរមាថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូងជាទីគោរពសក្តារៈ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយជាបន្តបន្ទាប់ជួយសម្រាលនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គ ក្នុងគ្រាជួបហានិភ័យដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ទឹកជំនន់ប៉ះពាល់ដល់បណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ទូលព្រះបង្គំយើងខ្ញុំគ្រប់រូប សូមថ្លែងអំណរព្រះរាជគុណ ជាអនេកប្បការ និងសូមលំឱនកាយថ្វាយនូវព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្តារៈ និងសម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រំជួលហឫទ័យជាខ្លាំង ក្រោយទទួលបានដំណឹងអំពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ក្នុងព្រះរាជសារផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ធូលចូលរួមរំលែកទុក្ខជាមួយបងប្អូនប្រជារាស្ដ្រនៅទូទាំងប្រទេសផងដែរ។
ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ធូលកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលាជម្លៀសបងប្អូនប្រជាពលរដ្ឋចេញទីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាពនានា៕