(ភ្នំពេញ)៖ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃ ការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
គណៈអធិបតីនៃអង្គសិក្ខាសាលានាពេលនោះរួមមាន៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា, លោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
អង្គសិក្ខាសាលាបានស្តាប់ការប្រកាសស្វាគមន៍ របស់គណៈអធិបតីដោយមានភ្ជាប់ខ្លឹមសារ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំច្បាប់ទាំងពីរនេះឡើង ក្នុងគោលដៅប្រឆាំងការប្រព្រឹត្តបទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម បទល្មើសហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីការពារផលប្រយោជន៍ និងរក្សាសន្តិសុខជូនប្រជាជន ហើយក៏ប្រើជាមូលដ្ឋានគតិយុត្តមួយដ៏រឹងមាំ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងពិភពលោក ស្របតាមសភាពការណ៍វិវត្តថ្មីៗ ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ច្បាប់ទាំងពីរនេះក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ និងអាចធើ្វឱ្យប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារមានភាពរឹងមាំ ស្ថិរភាព និងសុចរិតភាព ព្រមទាំងចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយសារការទុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណជន មកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ហើយមិនមានការរឹតបន្តឹងលំហូរសាច់ប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសនានា ដែលមានប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរីកចម្រើននៅទូទាំងពិភពលោក។
បើទោះបីជាពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិជំងឺកូវីត១៩ យ៉ាងណាក្តី ក៏សិក្ខាសាលាដ៏វិសេសវិសាល និងមានអត្ថន័យនាពេលនោះ អាចប្រព្រឹត្តទៅបានក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព ស្របពេលដែលប្រទេសកម្ពុជា មានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕