(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រេីនអាយុវឌ្ឍនមង្គលរបស់សម្តេច។
សារលិខិតជូនពរនោះ មានខ្លឹមសារថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសប្បាយរីករាយ ចូលរួមអបអរសាទរ និងជូនពរជ័យសិរីមង្គលមហាប្រសើរ សូមសម្ដេចចៅហ្វាវាំង និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ។
សម្ដេចចៅហ្វាវាំង មានគុណបំណាច់ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងការបម្រើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រាជវង្សានុវង្ស ប្រកបដោយជោគជ័យ និងលើកកម្ពស់កិត្យានុភាពរបបរាជានិយមអោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីប្រជាពលរដ្ឋ។
សម្ដេចចៅហ្វាវាំង បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មជា ប្រវត្តិសាស្រ្ត បម្រើជាតិ និងប្រជាជនក្នុងបុព្វហេតុលើកស្ទួយសុខុមាលភាពសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ព្រមទាំងចូលរួមការពារសុខសន្តិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
ជាថ្មីម្តងទៀត សម្តេចប្រមុខរដ្ឋស្តីទី បានឡើងឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចចៅហ្វាវាំង និងលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ»។
ខាងក្រោមនេះ ជាសារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖