(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា សម្រាប់ថ្ងៃឈប់សម្រាកបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៣១ករណី នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះសមត្ថកិច្ចបង្ក្រាបបានចំនួន២៩ករណី ព្រមទាំងឃាត់ខ្លួនជនពាក់ព័ន្ធ៣២នាក់ផងដែរ។ នេះបើតាម លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកអះអាងថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៣១លើកនោះ មានបទល្មើសឧក្រិដ្ឋកើតឡើងចំនួន៦លើក បង្ក្រាបបានទាំង៦លើក ដោយឃាត់ខ្លួនជនពាក់ព័ន្ធ៧នាក់ និងបទល្មើសមជ្ឈឹមកើតឡើងចំនួន២៥លើក បង្ក្រាបបាន២៣លើក ឃាត់ខ្លួនជនពាក់ព័ន្ធ២៥នាក់។
រយៈពេល៣ថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌកើនឡើង៧លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីអំឡុងបុណ្យអុំទូក ឆ្នាំ២០១៩ ដែលកើតឡើងចំនួន២៤លើក។ ទោះជាយ៉ាងនេះក្តី នៅអំឡុងបុណ្យអុំទូកឆ្នាំនេះ ឃាតកម្មបែរជាថយចុះ៦៦ភាគរយ ដោយកើតឡើងត្រឹមតែ១ករណីប៉ុណ្ណោះ ខណៈដែលបុណ្យអុំទូកឆ្នាំមុនកើតឡើងចំនួន៣ករណី។ នេះបើតាម លោកឧត្តមសេនីយ៍ឯក អ្នកនាំពាក្យអគ្គស្នងការដ្ឋាន។
លោកគូសបញ្ជាក់ថា ជាមួយគ្នានេះ បទល្មើសចរាចរណ៍អំឡុងបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ មានចំនួន៣៦ករណី ដែលមិនមានការឡើង និងថយចុះទេ បើធៀបនឹង៣ថ្ងៃដូចគ្នាកាលពីអំឡុងបុណ្យអុំទូកឆ្នាំមុន។ ៣ថ្ងៃបុណ្យអុំទូកឆ្នាំនេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១៩នាក់ កើនឡើង៩នាក់ ប៉ុន្តែអ្នករបួសមានចំនួន៥៣នាក់ ដែលថយចុះ២៤នាក់ទៅវិញ។ សម្រាប់អគ្គិភ័យវិញ កើតឡោះងចំនួន២លើក ដែលមានចំនួនថេរបើធៀបនឹងរយៈពេលដូចគ្នា នៃបុណ្យអុំទូកឆ្នាំមុន។
លោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណ និងកោតសរសើរដល់សមត្ថកិច្ចទាំងអស់ ដែលបានបំពេញការងារមិនគិតថ្ងៃឈប់សម្រាក ដើម្បីបម្រើការពារ និងថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីបានជួបជុំគ្រួសារ និងធ្វើដំណើរជិតឆ្ងាយប្រកបដោយភាពរីករាយ៕