(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន សមាគមរបស់លោកនៅតែបន្តបន្តសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ចុះត្រួតពិនិត្យជាប្រចាំលើភាពស្របច្បាប់របស់ក្រុមហ៊ុននៅកម្ពុជា ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផលិតផលនានា។
ការណែនាំយុទ្ធសាស្ត្រទាំងពីនេះត្រូវបានធ្វើឡើងក្នុងពិធីប្រគល់តំណែងកិត្តិយស និងប្រកាសបើកដំណើរការជាផ្លូវការក្រុមហ៊ុន វេលស៍ ខប ម៉ាឃីធីង ឯ.ក (Wealth Corp Marketing Co.,Ltd) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃវិស័យធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ប្រធានសហព័ន្ធរូបនេះបានឱ្យដឹងថា ក្រុមហ៊ុនទីផ្សារបណ្តាញដែលកំពុងដំណើរការនៅកម្ពុជាមានប្រមាណ ១៥០ ក្នុងនោះក្រុមហ៊ុនដែលរកស៊ីត្រឹមត្រូវឃើញថាមានជាង ២០។ ចំណែកក្រុមដទៃទៀត សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កំពុងសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យជាប្រចាំលើភាពស្របច្បាប់របស់ក្រុមហ៊ុននៅកម្ពុជា សំដៅការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផលិតផលនានាឱ្យខាងតែបាន។
លោកបណ្ឌិតបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០-២០២១ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា នឹងប្រកាសឱ្យចូលទាំងអស់ចំពោះក្រុមហ៊ុនទាំងឡាយណាដែលគោរពតាមបទដ្ឋានគតិយុត្ត និងទៅតាមសារាចរណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល អ្នករកស៊ីត្រឹមត្រូវ ទាំងការចែកផលប្រយោជន៍គ្នា ទាំងផលិតផល ដែលមានគុណភាព និងសុវត្ថិភាព និងបានចុះបញ្ជីផលិតផលត្រឹមត្រូវ តាមស្តង់ដាជាតិ ដែលមានការគ្រប់គ្រងពីស្ថាប័នពាក់ព័ន្ធ ជាពិសេសឡាបូជាតិនៅក្នុងវិទ្យាស្ថានស្តង់ដាកម្ពុជា។
តាមការបញ្ជាក់របស់លោក ឡី សុភាព ក្រុមហ៊ុនដែលស្ថិតលើវិស័យធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ត្រូវយល់ដឹងអំពីផ្លូវច្បាប់ អំពីការទុកដាក់ និងការប្រើប្រាស់ទំនិញទាំងអស់ ដើម្បីការពារដល់សុខមាភាពប្រជាពលរដ្ឋ និងត្រូវមានការបំពេញលក្ខខណ្ឌស្របតាមបទដ្ឋានគតិយុត្តជាតិ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ទើបត្រូវបានសម្រេចអនុម័ត្តដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដើម្បីអាចចូលជាសមាជិកសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញ ហើយនឹងត្រូវបានប្រកាសជាផ្លូវការ ដើម្បីឱ្យប្រជាជន ក៏ដូចជាអ្នកប្រើប្រាស់ងាយស្រួលក្នុងការទទួលយកសេវា ឬផលិតផលពីក្រុមហ៊ុននោះ ជៀសវាងការចាញ់បោកនាំឱ្យខាតបង់ប្រាក់កាក់ និងពេលវេលា។
នាឱកាសនោះ លោកប្រធាន ឡី សុភាព ក៏បានណែនាំយុទ្ធសាស្ត្រចំនួន ៣ ទៅឱ្យបណ្តាក្រុមហ៊ុនទាំងអស់ដែលប្រតិបត្តិការលើវិស័យទីផ្សារបណ្តាញនៅកម្ពុជា យកទៅអនុវត្តដើម្បីជំរុញឱ្យអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនល្អប្រសើរឡើង រួមមាន៖
ទី១៖ «ផ្តុំ» ដែលផ្តុំនេះ លោកសំដៅដល់ការស្វែងរកសមាជិកឱ្យបានមូលផ្តុំជាក្រុម។
ទី២៖ «ផ្ដើម» បន្ទាប់ពីប្រមូលផ្ដុំគ្នាបានហើយ ពួកគេត្រូវចាប់ផ្តើមធ្វើកិច្ចការអ្វីមួយលើអាជីវកម្មទីផ្សារបណ្ដាញនេះ។
ទី៣៖ «ផ្តល់» គឺមានន័យថា គ្រប់កិច្ចការទាំងអស់ត្រូវចែករំលែក និងផ្តល់ដល់គ្នាទៅវិញទៅមកឱ្យបានសមស្រប។
ទន្ទឹមនឹងនោះ លោក សុខ ពិសិទ្ធ អគ្គនាយកក្រុមហ៊ុន វេលស៍ ខប ម៉ាឃីធីង ឯ.ក បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានផ្តោតសំខាន់នៅគោលការណ៍ ៣ ចំណុចផងដែរ គឺផ្តោតទៅលើសុខភាព សម្រស់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះក្រុមហ៊ុនវេលស៍ ខប ម៉ាឃីធីង ប្រៀបបីដូចជាទីផ្សារមួយដ៏ធំ អនាគតទៅក្រុមហ៊ុននឹងមានផលិតផលជាង ១៥,០០០ មុខ លក់នៅក្នុងម៉ាតនេះ តែក្រុមហ៊ុននឹងមានការចែកប្រយោជន៍ចែកប្រយោជន៍ឱ្យអាជីវករ-ប្រតិបត្តិករដែលជាដៃគូរបស់ខ្លួន។
លោកថា កន្លងមក គឺអាជីវករធ្វើការនៅទីផ្សារដែលលក់នៅតាមតូបជាដើម ហើយបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងប្រមូលអាជីវករទាំងនោះឱ្យមកធ្វើតាមទំនើបកម្ម ដើម្បីលក់តាមអនឡាញវិញ ដូច្នេះហើយក្រុមហ៊ុនមានប្រព័ន្ធផ្តល់ភាពងាយស្រួល និងទាន់សម័យ ជាពិសេសគឺការចែកប្រយោជន៍ដែលយោងទៅតាម ៤០-៦០៕