(បន្ទាយមានជ័យ)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាកដឹកនាំសមាគមរាជសីហ៍ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខា ខេត្តសៀមរាប នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះប្រគល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតខ្នាតធំ២គ្រឿង ជូនដល់សាលាខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់-ទទួលនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ម៉ាស៊ីនចម្រុះទឹកស្អាតចល័តខ្នាតធំ ចំនួន០២គ្រឿងនេះ ត្រូវបានដាក់ប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ដែលកំពុងស្នាក់នៅ ទីទួលសុវត្ថិភាព ចំនួន៥៦១គ្រួសារ ស្ថិតនៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំង២កន្លែង៖

*ទី១៖ ផ្លូវវៀងក្រុង ភូមិស្រះជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (៣២១គ្រួសារ)
*ទី២៖ តារាងបាល់សែសិន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (២៤០គ្រួសារ)។

គួរបញ្ជាក់ថា ម៉ាស៊ីនចម្រុះទឹកស្អាតទាំង២ ជាជំនួយឧបត្ថមពីសប្បុរសជនក្រៅប្រទេស ដែលមួយគ្រឿងតម្លៃ៥ម៉ឺនដុល្លារ (២គ្រឿងស្មើ១០ម៉ឺនដុល្លារ)។ ម៉ាស៊ីននីមួយៗ មានសមត្ថភាពចម្រុះទឹកស្អាត ចាប់ពី១,៥០០ ទៅ២,០០០លីត្រ ក្នុងមួយម៉ោង ដែលជាលក្ខណៈពិសេសអាចផ្គត់ទឹកស្អាតជូន ដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់តម្រូវការ។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមរាជសីហ៍ ដែលតែងតែគិតគូពីសុខទុក្ខ ដល់ប្រជាពលរដ្ឋរងគ្រោះ គ្រប់ទីកន្លែង (ជួយទឹកស្អាត ដល់ប្រជាពលរដ្ឋទាន់ពេលវេលា) តាមរយៈការងារមនុស្សធម៌ និងសកម្មភាពមនុស្សធម៌នានា ក្នុងសង្គម៕