(ភ្នំពេញ)៖ ដើម្បីចូលរួមជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះនានា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ។
ពិធីប្រគល់-ទទួលអំណោយ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានអភិបាលរងរាជធានី លោក ហួត ហៃ តំណាងលោកអភិបារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
បើតាមលោកស្រី កែវ សាមុល អភិបាលរងខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលោក អភិបាលខណ្ឌ នាំយកមកផ្តល់ជូនរដ្ឋបាលរាជធានី នាពេលនេះ រួមមាន៖ អង្ករ១តោន, មីម៉ាម៉ា១១កេសធំ, ទឹកត្រី៥០យួរ, ទឹកស៊ីអ៊ីវ៥០យួរ, ត្រីខ៤កេសធំ, ទឹកសុទ្ធ៥កេស និងថវិកា១,០០០ដុល្លារ។
នាឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះ លោក ថេង សុថុល ដែលបានចូលរួមឧបត្ថម្ភ មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះផ្សេងៗទៀត។
លោក ឃួង ស្រេង បានលើកឡើងថា អំណោយដែលសប្បុរសជននានា ផ្តល់មករដ្ឋបាលរាជធានី គឺពិតជាបានបង្ហាញឲ្យឃើញ កាន់តែច្បាស់អំពីការយកចិត្តទុកដាក់ ក្នុងការសម្រាលការលំបាក វប្បធម៌នៃការចែករំលែក ជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ៕