(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជំរុញដល់អាជ្ញាធរដែនដីក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យមើលនូវហេដ្ឋរចនាសម្ព័ន្ធនានា ដែលរងការខូខាតដោយទឹកជំនន់ ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ប្រាក់ សុវណ្ណ ទោះបីជាខេត្តព្រះវិហារ មិនបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ដូចបណ្តាខេត្តផ្សេងៗមួយចំនួនក៏ពិតមែន តែស្ថានភាពទឹកជំនន់បានបង្កឲ្យផ្លូវនៅតាមជនបទឃុំស្រុកមួយចំនួន ក៏ដូចជាដំណាំ និងសត្វពាហនៈ បងប្អូនប្រជាពលរដ្ឋមួយចំនួន រងផលប៉ះពាល់និងខូចខាតផងដែរ។
លោកបន្តថា ក្នុងនាមអជ្ញាធរខេត្តក្រុងស្រុក គឺបានសហការជាមួយកាកបាទក្រហមកម្ពុជា សមាគមអតីតយុទ្ធជនកម្ពុជា អង្គការជាដៃគូរ ក្រុមការងាររាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រសួងពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក៏ដូចជាបានដោះស្រាយការលំបាក និងឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បាន ៤២០គ្រួសារផងដែរ។
សូមបញ្ជាក់ថា របៀបវីរៈនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នេះ គឺបានដាក់ចេញនូវចំណុចសំខាន់ៗចំនួន១៣ ចំណុច៖ ទី១.ករណីស្ថានភាពជំងឺកូវីដ.១៩ ទី២.ករណីគ្រោះទឹកជំនន់ ៣.ការស្តារហេដ្ឋារចនាសម្ពន្ធ័ឡើងវិញក្រោយទឹកជំនន់ ទី៤.ករណីកាំជណ្តើរឡើងភ្នំត្បែង ទី៥.ករណីបង្រ្កាបបទល្មើសគ្រឿងញៀន ទី៦.ករណីទំនាស់ដីធ្លី ទី៧.ករណីទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ ទី៨.ករណីសារពត៍មានចុះផ្សាយឡានដឹកឈើរៀងរាល់យប់ ទី៩.ការស្រាយបំភ្លឺរបស់អជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ចំពោះការចុះផ្សាយរបស់សារពត៍មាន ទី១០.អនាមយ័ បរិស្ថាន សណ្តាប់ធ្នាប់តាមផ្សារនិងទីប្រជុំជន ទី១១.ករណីក្រដាស់អត្រានុកោលដ្ឋានគ្រប់ប្រភេទ ទី១២.ករណីសេវាច្រកចេញចូលតែមួយនិងទី១៣.ការសាមគ្គីភាពផ្ទៃក្នុង។
នៅក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ប្រាក់ សុវណ្ណ បានថ្លែងដាក់ចេញនូវវិធានការសម្រាប់យកទៅអនុវត្តដូចខាងក្រោម៖
*មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធររួមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ស្រាកស្រាននៅឡើយ។
*អាជ្ញាធរត្រូវបន្តផ្តល់ជូននូវអំណោយដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់និងជំងឺកូវីដ១៩។
*អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់នូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសកាប់រានទន្ទ្រានដីព្រៃថ្មីៗ បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសល្បែងស៊ីសង បទល្មើសនាំសត្វខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។
*អាជ្ញាធរក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងសេវាអនាម័យ បរិស្ថានឲ្យបានប្រសើរជាងមុន។
*អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពនានា ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងឆាប់រហ័ស។
ជាមួយគ្នានេះដែរ លោក ប្រាក់ សុវណ្ណ បានថ្លែងអរគុណ និងកោតសរសើរដល់កងកម្លាំងទាំង៣និងអជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានបំពេញបេសកកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តនិងភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ ភ្ជុំបិណ្ឌ បុណ្យកឋិនទាន និងពិធីបុណ្យអ៊ុទូក អកអំបុក សំពះព្រះខែ បានយ៉ាងល្អ ពិសេសបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក និងនៅតែត្រៀមលក្ខណៈទប់ទល់បន្តទៀត៕