(ភ្នំពេញ)៖ តាមលទ្ធផល នៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមបារីនាំចូលទាំងអស់ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា មានបារី ២៨% មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករសោះឡើយ។ បារីទាំងនោះមានដូចជាបារីម៉ាក ESSE, Hero, Oris និង Gold Seal ជាដើម។
យោងតាមកិច្ចសម្ភាសរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាជាមួយអាជីវករលក់បារី បានឱ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធទាំងនោះ បានមកពីការចែកចាយដោយភ្នាក់ងារក្រុមហ៊ុនបារី និងបានមកពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ។ អាជីវករលក់បារីបានប្រាប់ថា ភ្នាក់ងារក្រុមហ៊ុនបារីតែងតែចែកចាយបារីដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិតផលថ្នាំជក់នៃអង្គការសុខភាពពិភពលោក បានបង្ហាញមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធ គឺជាបារីខុសច្បាប់។ បារីខុសច្បាប់ គឺជាឧបសគ្គដ៏ធំមួយនៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឱ្យខាតបង់ចំណូលពន្ធរដ្ឋនោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងជំងឺដែលបង្ក ពីការជក់បារីកាន់តែច្រើន ដោយសារតែការប្រើប្រាស់ថ្នាំជក់កើនឡើង។
ការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារីដែលមិនបានបង់ពន្ធបានរួមចំណែកធ្វើឱ្យបាត់បងចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលទប់ស្កាត់បារីគេចពន្ធឱ្យមានប្រសិទ្ធភាព នោះកម្ពុជានឹងទទួលបានចំណូលពន្ធចំនួន ៧% បន្ថែមពីលើពន្ធដែលប្រមូលបានពីពន្ធថ្នាំជក់ក្នុងពេលបច្ចុប្បន្ន។
ការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបង្កឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង។ ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥,០០០ នាក់បានស្លាប់ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយត្រូវបានខាតបង់ថវិកាប្រមាណ ៦៥៦ លានដុល្លារអាមេរិក៕