(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ-ព្យួរសរុបចំនួន ២,៨៣៨ ទីតាំង ស្មើនឹង ២៩.៦៣% នៃអាជីវកម្មសរុប ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦នាក់។
ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពីប្រតិបត្តិការអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលកូវីដ-១៩ «ធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត» ក្រោមអធិបតីភាព លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងទេសចរណ៍ ដោយមានមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប រួមអង្គភាពពាក់ព័ន្ធ និងអាជីវកម្មទេសចរណ៍សរុបអ្នកចូលរួមប្រមាណ ១២០នាក់ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ផ្សព្វផ្សាយវិធានការលើកទឹកចិត្ត និងគាំពារបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់អាជីវកម្មទេសចរណ៍ និងការផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការអាជីវកម្មតាមគន្លងថ្មីក្នុង និងក្រោយដំណាក់កាលកូវីដ-១៩។
លោក សុង តុងហាប់ បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០% សម្រាប់ទេសចរអន្តរជាតិ និង ៥០% សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។
លោកបានបន្ថែមថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន ២,៨៣៨ ទីតាំង ស្មើនឹង ២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប ៥០,៩៩៦ នាក់ ក្នុងនោះខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍ ៦៥៨ ទីតាំង បានបិទ/ព្យួរ ស្មើនឹង ៦២.១៣% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាបបណ្តាលឱ្យបុគ្គលិកសរុប ១៤,៧០២ នាក់បាត់បង់ការងារ។
លោកបានបញ្ជាក់ថា ដើម្បីត្រៀមខ្លួនស្តារវិស័យទេសចរណ៍ទ្បើងវិញ តាមរយៈការបង្កើតទំនុកចិត្តថ្មីសម្រាប់គោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំដាក់ឆ្លងរាជរដ្ឋាភិបាលនូវឯកសារយុទ្ធសាស្រ្តសំខាន់ៗ រួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា (២០២០-២០២៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប (២០២០-២០៣៥) និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣០)។
ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នៅវិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិបានចំនួន ៦ ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១។
លោកបានបន្ថែមទៀតថា ក្រៅពីវិធានការគ្រប់គ្រង និងគាំពាររបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសកម្មភាពអាទិភាព ដើម្បីស្តារ និងបង្កើតមុខមាត់ថ្មីជូនវិស័យទេសចរណ៍កម្ពុជា ដោយរួមមានសកម្មភាពជំរុញទេសចរណ៍ក្នុងស្រុក ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការសិក្សាលទ្ធភាពដាក់ចេញទម្រង់នៃការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព Travel Bubble or One way closed-loop charter Planes ដែលអាចជាពន្លឺថ្មីមួយសម្រាប់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕