(សៀមរាប)៖ សិក្ខាកាម២៥នាក់ ដែលជាមន្ត្រី-បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអប់រំកម្រិតបឋមសិក្សាមធ្យមសិក្សា និងឧត្តមសិក្សានៃវគ្គបណ្តុះបណ្តាលស្ដីពី ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ បានចុះសិក្សាដោយផ្ទាល់និងស្តាប់បទបង្ហាញពី លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអំពីប្រវត្តិសាស្ត្រក្រុងអង្គរធំ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្ស និងគ្រប់គ្រង បេតិកភណ្ឌ ចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិសដៅសំខាន់ក្នុងការផ្សព្វផ្សាយបន្ត ដល់សិស្សានុសិស្សឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។
វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អ៉ឹម សុខរិទ្ធី បានលើកឡើងថា បទបង្ហាញពីប្រវត្តិសាស្ត្រក្រុងអង្គរធំបានពន្យល់ពីពាក្យអង្គរ ការកកើតរាជធានីនៅអង្គរ ប្រវត្តិមនុស្សរស់នៅ និងស្លាកស្នាមបុរាណវិទ្យានៃសំណង់អគារដែលបានបន្សល់ទុកពីសម័យបុរាណនៅក្រុងអង្គរធំនេះផ្ទាល់ ហើយចាត់ទុកថានេះជាសញ្ញាណល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវបន្តវេនពីចាស់ៗក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ ដើម្បីរួមគ្នាការពារមរតកវប្បធម៌ឱ្យបានគង់វង្ស។
ពិសេសវគ្គបណ្តុះបណ្តាលនេះ គឺចំគោលដៅបំផុត ព្រោះគ្រូបង្រៀនគឺជាអ្នកចែកចាយចំណេះដឹងដ៏មានប្រសិទ្ធភាពទៅកាន់ក្មេងៗ៕