(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន ប្រមាណ២២៧លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។
លិខិតប្តូរសារនៃគម្រោងទាំងនេះ ត្រូវបានចុះហត្ថលេខារវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមលិខិតប្តូរសារ សម្រាប់ផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់ជប៉ុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា៖
១៖ ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៖
តាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់ «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ៣០០លានយ៉េន (ប្រមាណ ២,៧ លានដុល្លារអាមេរិក) ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារ រួមមាន យានយន្តសម្រាប់ការពារសន្តិសុខ ដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៉ីនត្រួតពិនិត្យ កាំរស្មីអ៉ីចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ សម្ភារទាំងនេះ នឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសីទអន្ដរជាតិនាពេលខាងមុខ ប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។
២៖ ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩៖
ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន (ប្រមាណ ២២៧ លានដុល្លារអាមេរិក) ដល់កម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៉ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។ ឥណទាននេះ គឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន (ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញ នូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។
តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស តាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនម្នាក់ៗ ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល គឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕