(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋម និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១២០ នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន។
ពិធិបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពបុគ្គលិក ភ្នាក់ងារ និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារនៅតាមការដ្ឋាន តំបន់ប្រាសាទ និងក្នុងព្រៃ ដើម្បីបង្ការ និងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងនៅពេលបំពេញការងារ។
ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត។
លើសពីនេះ ពួកគេក៏អាចជួយភ្ញៀវទេសចរ អ្នករួមការងារ ព្រមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀតផង៕