(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ កំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែវិច្ឆិកានេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឲ្យដំណើរការ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ នៅឆ្នាំ២០២១ខាងមុខនេះ ដើម្បីធានាបាននូវសន្តិសុខ និងប្រាក់ចំណូល នៅពេលមានហានិភ័យការងារ គ្រោះថ្នាក់ការងារ ឬជំងឺវិជ្ជាជីវៈកើតឡើង ជាយថាហេតុ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់ឲ្យដឹងថា អត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដែលបុគ្គលនៃវិស័យសាធារណៈ ទទួលបានមានចំនួន៦ រួមមាន៖
១៖ ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត (រួមមានសេវាសង្គ្រោះបន្ទាន់)
២៖ ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន (ករណី តម្រូវឲ្យមានអ្នកថែទាំនៅមន្ទីរពេទ្យ នោះអ្នកថែទាំនឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៥០% នៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះ)
៣៖ ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រៃ្តយ៍
៤៖ វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ (ផ្តល់ជូនតែម្តងគត់)
៥៖ វិភាជន៍បូជាសព (៤លានរៀល ជូនទៅជនដែលទទួលបន្ទុកផ្ទាល់ ក្នុងការចាត់ចែងបូជាសពជនរងគ្រោះ)
៦៖ សេវាស្តារនីតិសម្បទា៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល៖