(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្វាយព្រះរាជសារអបអរសាទរ ថ្វាយសម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបាន គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីរដ្ឋាភិបាលចិន។
រដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។
រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយសនេះ ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាពកម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ បានប្រព្រឹត្តឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង ប្រទេសចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្នកអញ្ជើញថ្វាយនូវគ្រឿងឥស្សរិយយសនេះដោយផ្ទាល់ដល់ព្រះវររាជមាតាជាតិខ្មែរ។
ក្នុងព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រខ្មែរទ្រង់មានព្រះរាជបន្ទូលគូសរំលេចថា សម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជគុណបំណាច់ដ៏ឧត្តុង្គឧត្តមបានយាងដង្ហែព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការលើកកម្ពស់មិត្តភាពកម្ពុជា-ចិន។ ជាពិសេសក្នុងការកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំជាបងប្អូន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុង្គឧត្តមបំផុតជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កំពូលចិនច្រើនជំនាន់ បន្តរហូតដល់បច្ចុប្បន្ន៕